(ព្រៃវែង)៖ ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា  បានផ្តល់នូវអំណោយសម្ភារៈ មានធុងទឹកអំពៅចំនួន១និង រទេះលតឆាចំនួន១ ដល់សមាគមសហគ្រាសធុនតូច និង មធ្យមខេត្តព្រៃវែង ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋ ២ គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង ដែលមានបំណងប្រកបរបររកស៊ីតែខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ។ 

នៅក្នុងនោះដែរ លោក ឈុន កុយ ប្រធានសមាគម សហគ្រាសធុនតូច និង មធ្យម ខេត្តព្រៃវែង បានលើកឡើងថា សមាគមសហគ្រាសធុនតូច និង មធ្យមខេត្ត បានផ្តល់អំណោយជូនប្រជាពលរដ្ឋទាំងពីរគ្រួសារ សម្រាប់យកទៅប្រកបអាជីវកម្ម របស់ខ្លួន ឲ្យកាន់តែប្រសើឡើង។

លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំង ២ គ្រួសារ ត្រូវយកចិត្តទុកដាក់ ថែទាំសម្ភារៈទាំងអស់នោះ និងត្រូវខិតខំរកស៊ីលក់ដូរ នៅជំនាញរបស់ខ្លួននេះឲ្យទទួលបានជោគជ័យ។

លោកអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា ការរកស៊ីនេះមិនមែនចេះតែរកតាមការនឹកឃើញនោះទេ ត្រូវរិះរកនូវវិធីសាស្រ្តថ្មីៗ ដើម្បីទាក់ទាញដល់អតិថិជន ដែលគាត់បានទទួលទាននៅផលិតផល ហូបម្តងហើយចង់ហូបម្តងទៀត ធ្វើយ៉ាងណាការលក់នេះប្រកបដោយអនាម័យ និងគុណភាពខ្ពស់ ដើម្បីធានាដល់ការបរិភោគ របស់អតិថិជនដែលគាត់ទទួលទាននូវផលិតផល ប្រកបដោយសុខភាពល្អ និងជំនឿទុកចិត្ត៕