(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៤។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា របៀបវារៈចំនួន០៤ រួមមាន៖

* ១៖ ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។

* ២៖ ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ព្រឹទ្ធសភានីតិកាលទី៤ ។

* ៣៖ ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាស់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។

* ៤៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ៕