(ភ្នំពេញ)៖ លោកស្រី អាន ស្រីពៅ បានចេញមកបំភ្លឺក្រោយមានការចោទប្រកាន់ពីពលរដ្ឋច្រើនគ្រួសារថា ធ្វើសំណង់រំលោភផ្លូវសាធារណៈនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកស្រីថា សំយ៉ាបផ្ទះនេះ គឺធ្វើលើដីកម្មសិទ្ធិឯកជនរបស់លោកស្រីតែប៉ុណ្ណោះ។

លោកស្រី អាន ស្រីពៅ បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បានរស់នៅតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ពោលបានឆ្លងកាត់ចៅហ្វាយស្រុកចំនួន១០រូបមកហើយ ដោយឡែកសម្រាប់ស្នាមេដៃដែលផ្តិតទាមទារឱ្យអាជ្ញាធរ មកត្រួតពិនិត្យសំណង់របស់លោកស្រី គឺសុទ្ធតែអ្នកជំនាន់ក្រោយដែលមិនដឹងពីប្រវត្តិផ្លូវ១ខ្សែនេះ។ សម្រាប់ការតវ៉ានេះ ពួកគាត់ស្តាប់តាមការអុជអាលពីបុគ្គលម្នាក់ដែលមានទំនាស់ជាមួយគ្រួសាររបស់គាត់។

លោកស្រីបានបញ្ជាក់ថា សម្រាប់ផ្លូវ១ខ្សែនេះ គឺបានទុកចោលជាង៣០ឆ្នាំមកហើយ ខណៈផ្លូវម្តុំផ្ទះរបស់អ្នកស្រី គឺមានការរៀបចំចាក់បេតុងបានយ៉ាងល្អ។ លោកស្រីមិនចង់បានដីផ្លូវ១ខ្សែនេះ ​ធ្វើជាកម្មសិទ្ធិឯកជននោះទេ។ សម្រាប់យ៉ាបផ្ទះរបស់លោកស្រី គឺធ្វើលើដីរបស់គាត់តែប៉ុណ្ណោះ។

លោកស្រី អាន ស្រីពៅ បានឱ្យដឹងថា៖ «កាលពីថ្ងៃទី១៦ ខែវិច្ឆិកាថ្មីៗនេះ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋបានមូលមតិគ្នារៀបចំចាក់បេតុង លើផ្លូវ១ខ្សែនេះ។ ក្នុងនោះអាជ្ញាធរ បានបញ្ជាក់យ៉ាងច្បាស់ៗថា ផ្ទះពីមុននៅយ៉ាងម៉េច គឺនៅដូចដើម ហើយផ្លូវមានប៉ុណ្ណា គឺធ្វើប៉ុណ្ណឹង»

លោកស្រីបន្ថែមថា សម្រាប់ករណីនេះ អាជ្ញាធរស្រុកដែលមានសមត្ថកិច្ចពាក់ព័ន្ធ មិនទទួលយកបណ្តឹងរបស់ពលរដ្ឋដែលបានប្តឹងគ្រួសាររបស់អ្នកស្រីនោះទេ ដោយសារតែករណីគឺអាជ្ញាធរបានដឹងយ៉ាងច្បាស់ចំពោះផ្លូវ១ខ្សែនេះ។ ដូច្នេះសូមប្រជាពលរដ្ឋ និងសាធារណជនមេត្តាកុំមានការភាន់ច្រឡំឱ្យសោះ៕