(ភ្នំពេញ)៖ លោក ហ៊ីង ធីឫទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បញ្ជាក់ថា អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប១២០.៨៨៣នាក់។

ការបញ្ជាក់ឱ្យដឹងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅឃុំ សង្កាត់ ទូទាំងប្រទេស។

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬប្តឹងជំទាស់ ក្នុងករណីមានកំហុសឆ្គងនានា។

នាឱកាសនោះដែរ លោក ហ៊ីង ធីឫទ្ធិ បានថ្លែងថា ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, ការកត់ត្រាមិនច្បាស់លាស់ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ, មានឈ្មោះប៉ុន្តែឈ្មោះនោះស្ថិតនៅក្នុងការិយាល័យផ្សេងទៅវិញ, មានឈ្មោះ ប៉ុន្តែឈ្មោះនិងទិន្នន័យពាក់ព័ន្ធមានភាពមិនច្បាស់លាស់ ឬមិនត្រឹមត្រូវតាមព័ត៌មានដែលគាត់បានផ្តល់ឱ្យ, ឃើញឈ្មោះដែរតែឈ្មោះនោះស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានឱ្យដឹងថា ផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះមានចំនួន ៩.៨៧១.៥០២នាក់ ក្នុងនោះស្រីមានចំនួន ៥.២៤០.៩៨៤នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.០៣៤ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោ ត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួ ន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១២០.៨៨៣នាក់។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ គ.ជ.ប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទដៃ (App) NEC KH។

ប្រសិនបើរកឃើញថា មានកំហុសឆ្គង ត្រូវរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងយូរត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣៕