(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនូវការសង្កេត ចំនួន៤ ពាក់ព័ន្ធនឹងការវិវត្តនៃបរិការណ៍សកល ដើម្បីជាការចូលរួមបំផុសគំនិត សម្រាប់ការពិភាក្សា ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣។

ពេលអញ្ជើញបើកសន្និសីទនេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងថា ដើម្បីជាការចូលរួមបំផុសគំនិត សម្រាប់ការពិភាក្សា សម្តេចសូមលើកនូវការសង្កេតមួយចំនួនពាក់ព័ន្ធនឹងការវិវត្តនៃបរិការណ៍សកល ដូចខាងក្រោម៖

* ទី១)៖ ការប្រែប្រួលដ៏ជ្រាលជ្រៅមួយ នៃការផ្លាស់ប្ដូរពីនិម្មាបនកម្មសេដ្ឋកិច្ច និងអភិបាលកិច្ចអន្តរជាតិលក្ខណៈឯកប៉ូល ទៅរកប្រព័ន្ធពហុប៉ូលដែលកំពុងលេចចេញជារូបរាងបណ្តើរៗ

* ទី២)៖ ការចាប់ផ្តើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់ត ស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប

* ទី៣)៖ ការរីកចម្រើនផ្នែកជីឌីថលបន្តមានសន្ទុះខ្ពស់ ជាពិសេសបញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាពក្នុងការជំរុញផលិតភាពឱ្យមានសន្ទុះខ្ពស់ឡើង និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំងអាចពង្រាយបានទូលាយក្នុងរយៈពេលខ្លី និង

* ទី៤)៖ ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ ក្នុងបរិការណ៍នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ជាពិសេសសម្រាប់ប្រទេសមានចំណូលមធ្យម, មានទំហំមិនគ្រប់គ្រាន់ និង មិនមានការសម្របសម្រួលល្អរវាងតួអង្គទាំងអស់ ទាំងពហុភាគី ទ្វេភាគី និងវិស័យឯកជន។

បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី សម្រាប់សន្និសីទនេះ សម្តេចមានចំណាប់អារម្មណ៍ជាខ្លាំងលើកិច្ចពិភាក្សាទាំងបីវគ្គ ដែលសុទ្ធតែជាប្រធានបទមានសារៈសំខាន់ ជាពិសេសផ្នែកគោលនយោបាយ សម្រាប់កម្ពុជាអាចត្រៀមខ្លួនឱ្យបានល្អ និងគ្រប់គ្រាន់ ដើម្បីសម្រេចបង្គោលចរឆ្នាំ២០៣០ និងឆ្នាំបន្ត- បន្ទាប់ ខាងមុខទៀត។ សម្តេចថ្លែងថា សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចបើកចំហរ ដូច្នេះការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅនឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមក លើសក្តានុពលកំណើនកម្ពុជារយៈពេលមធ្យម-វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទនេះ គឺជាវេទិកានៃការផ្តោះប្តូរយោបល់ ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើ ជោគវាសនារបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់ វិទ្យាបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នាពេលបន្តបន្ទាប់ នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹង ប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា ក៏ដូចជាវិធានការគោលនយោបាយដើម្បីដំណោះស្រាយ បញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេល ដែលកម្ពុជាឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នាឆ្នាំ២០២៧ ខាងមុខ, ការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និង ការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា៕