(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដ៏សំខាន់ដែលផ្ដល់ឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «សា្ថប័នស្រាវជ្រាវ» បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទប្រចាំឆ្នាំ លើកទី១៥ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កិច្ចពិភាក្សាក្នុងវេទិកានេះ ផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះ «សន្និសីទថ្ងៃនេះគឺជា សន្និសីទប្រចាំឆ្នាំលើកទី១៥ ហើយក៏ជាការចូលរួមលើកទី១ របស់ខ្ញុំ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចគ្នានឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស សា្ថប័នស្រាវជ្រាវ បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅ តាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ដោយសារប្រធានបទឆ្នាំនេះ ផ្តោតលើការគិតគូរ អំពីដំណើរកម្ពុជាក្នុងការឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់, វត្តមានរបស់សមាជិក សមាជិកាទាំងអស់ ព្រមទាំងការចូលរួមពិភាក្សាចែករំលែកនូវមតិយោបល់ក្នុងថ្ងៃនេះ បង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងស្មារតីរួមចំណែក និងសហការគ្នា គូសវាស, តម្រង់ទិស និងកំណត់ជោគវាសនាកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ប្រាកដណាស់ថា ការគិតគូរទៅអនាគត ចាំបាច់ត្រូវឈរលើមូលដ្ឋានសមិទ្ធផលដែលសម្រេចបានកន្លងមក ពោលគឺការគិតពីអនាគតកាន់តែឆ្ងាយទៅមុខ ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដែលឲ្យមានមូលដ្ឋានគ្រប់គ្រាន់៕