(ហ្សឺណែវ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយប្រតិភូសហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស សាធារណៈរដ្ឋប្រជាមានិតចិន ស្វីស និងសហរដ្ឋអាមេរិក ក្នុងអំឡុងចូលរួមកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងកិច្ចប្រជុំនោះ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណេត, លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីការត្រៀមធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤ ដោយកំណត់អាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។

ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រតិភូប្រទេសនីមួយៗដែលបានផ្តល់ជំនួយទាំងផ្នែកសកម្មភាពមីន ទាំងផ្នែកអភិវឌ្ឍន៍នានាដល់កម្ពុជា។ ទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីជំនួបចូលរួមគាំទ្រនៅពេលដែលកម្ពុជាក្លាយជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤។

ភាគីជំនួបទាំងអស់បានសម្តែងនូវការពេញចិត្ត និងសន្យាផ្តល់កិច្ចសហការទាំងផ្អែកហិរញ្ញវត្ថុ ទាំងផ្នែកបច្ចេកទេសដល់កម្ពុជាលើការងារសកម្មភាពមីន និងការងារជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំ២០២៤៕