(ព្រះវិហារ)៖ មន្រ្តី និងអ្នកជំនាញកសិកម្មបានលើកឡើងថា ការអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ី នៅខេត្តព្រះវិហារ នឹងជំរុញឱ្យខេត្តនេះ ក្លាយជាខេត្តដែលផលិតដំណាំសរីរាង្គឈានមុខគេ និងមាននិរន្តភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។
បច្ចុប្បន្ននេះ ខេត្តព្រះវិហារ ត្រូវបានគេចាត់ទុកថាដែលជាខេត្តផលិត និងនាំចេញផលិតផលសេរីរាង្គឈានមុនគេនៅកម្ពុជា ដោយកសិករបានផ្ដោតលើផលិតដំណាំសរីរាង្គដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គជាដើម។
លោកបណ្ឌិត គង់ រ៉ាដា អ្នកជំនាញកសិអេកូឡូស៊ី និងជាអ្នកសម្របសម្រួលថ្នាក់ជាតិ នៃគម្រោងគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET) បានឱ្យដឹងថា បច្ចុប្បន្ននេះខេត្តព្រះវិហារ គឺជាខេត្តដែលឈានមុខគេ ក្នុងការផលិតកសិកម្មបែបសរីរាង្គ ទាំងដំណាំស្រូវ ស្វាយចន្ទី ដំឡូងមីជាដើម និងជាខេត្តដែលពុំទាន់មានការប្រើប្រាស់គីមីច្រើន ទៅលើដំណាំស្រូវនៅឡើយទេ។ តែយ៉ាងណាការធ្វើស្រែ ឬចម្ការ កាន់តែយូរឆ្នាំ នឹងធ្វើឱ្យដីកាន់តែបាត់បង់គុណភាព ដែលពេលខាងមុខកសិករនៅខេត្តនេះ អាចនឹងឈានទៅដល់ការប្រើប្រាស់ជីគីមី ដូចនៅបណ្តាខេត្តផ្សេងៗ ដើម្បីធ្វើឱ្យដំណាំលូតលាស់ល្អ។
លោកបានឱ្យដឹងថា ដើម្បីជំរុញឱ្យខេត្តព្រះវិហាររក្សាបានជាខេត្តធ្វើកសិកម្មសរីរាង្គមាននិរន្តភាព និងឈានមុខគេ ទើបគម្រោង ASSET បានជ្រើសរើសអនុវត្តនៅខេត្តព្រះវិហារ ដោយបច្ចុប្បន្ននេះ បាននឹងកំពុងបណ្តុះបណ្តាលកសិករនៅស្រុករវាង ឱ្យអនុវត្តការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី។
លោកបានពន្យល់ថា ការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី នឹងធ្វើឱ្យដីមានសុខភាព និងមានគុណភាពកាន់តែល្អ កាត់បន្ថយការសឹករេចរឹលដី រក្សាទិន្នផលដំណាំ និងមិនពឹងផ្អែកតែលើទីផ្សារដំណាំមួយមុខ។ មិនតែប៉ុណ្ណោះ ការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី នឹងជួយស្តារគុណភាពដីដែលខូច ឬជិតខូតឱ្យមករកភាពល្អប្រសើរឡើងវិញ ព្រោះដីដែលធ្វើស្រែឬចម្ការយូរៗទៅនឹងការតែអស់សាធាតុចិញ្ចឹម។ ហេតុនេះហើយកសិករ ត្រូវផ្តល់សារធាតុចិញ្ចឹមដល់ដីវីញ ពីព្រោះថាសារធាតុចិញ្ចឹមនៅក្នុងដីមានកំណត់ ហើយធនធានដី គឺជាធនធានដែលមិនកកើតឡើងវិញនោះទេ ដែលតាមការស្រាវជ្រាវ ដើម្បីបានដីកើនឡើងកម្រាស់មួយសង់ទីម៉ែត្រ ត្រូវចំណាយពេលរហូត២ពាន់ឆ្នាំ។
លោកពន្យល់បន្ថែមថា ក្នុងការរក្សាគុណភាពដី កសិករត្រូវដាំដំណាំគម្របដីដូចជាប្រភេទ ស្ទីឡូ, ចង្ក្រងស្វា និងពពួកសណ្ដែកផ្សេងៗទៀត ដើម្បីជួយរក្សាសំណើមដី និងស្រូបធាតុសរីរាង្គ និងជីជាតិពីបរិយាកាសបញ្ចូលទៅក្នុងដីតាមប្រព័ន្ធឫសរបស់វា។ ដំណាំគម្របដីនេះ ក៏អាចដើរតួជាជីស្រស់សម្រាប់ដំណាំផងដែរ។
លោកបន្តថា «សម្រាប់កសិករដើម្បីរក្សាបាននូវគុណភាព សុខភាពដី សម្រាប់ដីស្រែ គាត់ត្រូវរក្សាកញ្ជ្រាំងនៅលើដីស្រែរបស់គាត់ ពីព្រោះកញ្ជ្រាំងគឺជាសារធាតុចិញ្ចឹមឬជី។ បន្ថែមពីលើហ្នឹងទៀត គឺគាត់អាចដាំដំណាំបន្ទាប់បន្សំដូចជាពពួកសណ្តែកក្រោយពេលប្រមូលផលស្រូវ ឬមួយដំណាំគម្របដីដែលមានរយៈពេលវែង និងផលិតបានជីវម៉ាស់បានខ្ពស់ ដើម្បីផ្តល់ឱ្យដីនូវសារធាតុសរីរាង្គជារៀងរាល់ឆ្នាំ សម្រាប់ធានានូវនិរន្តភាពនៃផលិតកម្មដីស្រែរបស់គាត់»។
កសិអេកូឡូស៊ីគឺជាបច្ចេកទេសនៃការធ្វើការកសិកម្ម ដោយធានាបាននូវនិរន្តភាព និងបរិស្ថានកាន់តែល្អប្រសើរ សម្រាប់តទៅកូនចៅជំនាន់ក្រោយ។ កសិអេកូឡូស៊ី ជាបច្ចេកទេសផ្អែកទៅលើចំណេះដឹងវិទ្យាសាស្រ្ត និងដំណើរការនៃប្រព័ន្ធអេកូឡូស៊ី ហើយក៏ជាចលនាសង្គមមួយដែលលើកស្ទួយនូវអធិបតេយ្យភាពស្បៀងអាហារនៅក្នុងសហគមន៍ និងបង្កើតចលនាទីផ្សារក្នុងតំបន់សម្រាប់កសិកម្មទាំងខ្នាតតូច និងធំ។ ការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី នឹងធានាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារនៅក្នុងសហគមន៍ និងធានាបាននូវប្រាក់ចំណូលទៀងទាត់សម្រាប់កសិករផងដែរ។
លោកបានលើកឡើងបន្ថែមថា «ការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី យើងផ្តោតជាសំខាន់គឺទៅលើពិពិធកម្មនៃផលិតកម្ម និងមុខរបររបស់គាត់ អ៊ីចឹងធ្វើឱ្យគាត់ទទួលបានចំណូលពីច្រើនមុខផលិត បើទោះបីជាមានបញ្ហាណាមួយពីគ្រោះធម្មជាតិ ឬបញ្ហាធ្លាក់ចុះទីផ្សារ គាត់នៅអាចទទួលបាននូវប្រាក់ចំណូលមួយដែលធានាពីដំណើរការនៃការរស់នៅ ការរចាយវាយនៅក្នុងគ្រួសារ»។
បណ្ឌិត គង់ រ៉ាដា បន្ថែមថា ប្រព័ន្ធកសិកម្មកសិអេកូឡូស៊ី គឺអាចអនុវត្តបាននៅគ្រប់ប្រភេទដីផ្សេងៗ និងគ្រប់ប្រភេទកសិករ ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ អ្នកជំនាញកសិកម្មរូបនេះ ក៏លើកទឹកចិត្តដល់កសិករនៅតាមបណ្តាខេត្តផ្សេងទៀត អនុវត្តការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនេះផងដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីសម្រាប់ការធ្វើស្រែឬចម្ការ។ សម្រាប់អ្នកធ្វើផលិតកម្មដំណាំសេរីរាង្គ ការដាំដំណាំគម្រប់ដីនឹងកាន់តែធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ ជួយសន្សំសំចៃកសិករទៅលើការប្រើប្រាស់ជីសរីរាង្គ ព្រោះជីសរីរាង្គដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ គឺមានតម្លៃថ្លៃ។
លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តព្រះវិហារ គឺជាខេត្តដែលមានផ្ទៃដីធំទី២នៅកម្ពុជា បន្ទាប់ពីខេត្តមណ្ឌលគិរី និងខេត្តដែលមានសក្តានុពលក្នុងការដាំដំណាំ ស្រូវ ដំឡូវមី ចេក និងស្វាយចន្ទី ដោយមានប្រជាជនប្រមាណ៨០% ប្រកបរបរកសិកម្ម។ បន្ថែមពីនេះ ព្រះវិហារក៏ជាខេត្តដែលមានសក្តានុពលជាងគេទៅលើការផលិតកសិផលបែបសរីរាង្គផងដែរ។
លោកបានលើកទឹកចិត្តឱ្យកសិករ អនុវត្តកសិកម្មតាមបែបកសិអេកូឡូ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តថ្មីរបស់ក្រសួងកសិកម្ម ក៏ដូចជារដ្ឋបាលខេត្ត ដែលចង់ដាក់ខេត្តព្រះវិហារជាខេត្តមានសក្តានុពលលើផលិតកម្មកសិកម្មសរីរាង្គនៅកម្ពុជា។
លោកបន្តថា «នៅខេត្តព្រះវិហារជាតំបន់ខ្ពស់រាប អ៊ីចឹងវាងាយហូរច្រោះដីដែលមានជីវជាតិ ហើយបើយើងមិនចូលរួមនាំគ្នាទប់ស្កាត់ទេ នោះតំបន់ដែលមានសក្តានុពលកសិកម្មសរីរាង្គក៏មានការថយចុះ ចឹងយើងរួមគ្នា ដូចខាងជំនាញបច្ចេកទេសបានលើកឡើងពាក់ព័ន្ធនឹងការទុកកញ្ជ្រាំងក្រោយច្រូតកាត់ក៏ជាបញ្ហាសំខាន់មួយដែរ ដែលបានជួយទប់ដី។ ត្បិតថាយើងមិនឃើញសឹករិចរិលទៅណាមែន ប៉ុន្តែបាត់អាជីវជាតិហ្នឹង ហើយបើយើងទុកកញ្ជ្រាំងឬដាំដំណាគម្រប់ដី ក៏អាចថែរក្សាជីវជាតិ និងសំណើមដីបានដែរ»។
លោក ប៉ាត សុវណ្ណ មន្រ្តីសម្របសម្រួលបណ្តាញ ALiSEA នៅកម្ពុជាប្រចាំអង្គការហ្រ្គេត (Gret) បានឱ្យដឹងថា គម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET) គឺជាគម្រោងថ្នាក់តំបន់ដែលបាននឹងកំពុងអនុវត្តនៅប្រទេសចំនួន៤ក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) សហភាពអឺរ៉ុប(EU) និងមូលនិធិបារាំងសម្រាប់បរិស្ថានសកល(FFEM) ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១១លានអឺរ៉ូ ក្នុងនោះកម្ពុជាទទួលបានទឹកប្រាក់ប្រមាណ ២លានអឺរ៉ូ ដើម្បីគាំទ្រដល់បណ្តាញ ALiSEA ជំរុញនិងបណ្តុះបណ្តាលកសិករឱ្យចាប់ផ្តើមអនុវត្តកសិកម្មបែបកសិអេកូឡូស៊ី៕