(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដើរតួនាទីជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា។

សម្ដេចធិបតីបានស្នើដល់អង្គសន្និសីទនេះ ដើរតួនាទីជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មកប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏ក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នាពេលបន្តបន្ទាប់ នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះសម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នានា ក៏ដូចជាវិធានការគោលនយោបាយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេលដែលកម្ពុជាឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនាឆ្នាំ២០២៧ខាងមុខ ក៏ដូចជាការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។

សម្ដេចធិបតីបានលើទឹកចិត្តដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ចូលរួមឱ្យបានសកម្ម និងផុសផុលក្នុងការពិភាក្សា ដើម្បីឱ្យសន្និសីទនាថ្ងៃនេះបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងទទួលបានធាតុចូលសំខាន់ៗសម្រាប់ជាជំនួយដល់ការវិភាគ និងការសន្និដ្ឋានរបស់វិទ្យាស្ថាន CDRI លើប្រធានបទដ៏មានសារៈសំខាន់ថ្ងៃនេះ៕