(ភ្នំពេញ)៖ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ​ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំងពីរកម្ពុជា-អាមេរិក។

​កិច្ចពិភាក្សារវាង រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​កម្ពុជា ​បានធ្វើឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៣​ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដោយភាគីទាំងពី​ថែមទាំងបានពិភាក្សាផ្តោត លើការអនុវត្តគម្រោងរវាងរដ្ឋ និងឯកជន​លើ កសិកម្ម, ទេសចរណ៍, អប់រំ, ពន្ធដារ, និងការប្រឆាំងការជួញដូរមនុស្សជាដើម​ ដើម្បីបន្តសម្របសម្រួលទាក់ទាញវិនិយោគអាមេរិកបន្ថែមទៀត​មកកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​កម្ពុជា និងក្រុមបេសកកម្ម ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យសាធារណៈ និងឯកជន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ក៏បាន​បង្ហាញនូវជំហរគាំទ្ររបស់កម្ពុជា អំពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាទិភាព ដែលទាក់ទាញវិនិយោគគិនពីអាមេរិកមកកម្ពុជាបន្ថែមទៀតផងដែរ។

​លោក W. Patrick Murphy បានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងកសិកម្ម ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលបានរួមចំណែកក្នុងការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា ជាមួយតំបន់ និងពិភពលោក។

លោកបន្តថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំមួយរបស់កម្ពុជា លើផលិតផលកម្ពុជាចម្បងៗ ដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ជាដើម។ សហអាមេរិក នឹងបន្តផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរ និងទាក់ទាញធុរកិច្ចវិនិយោគិនអាមេរិក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ ។

ជាមួយគ្នានេះ​ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក ។ សហអាមេរិក​ តាមរយៈ CDC និង USAID, នៅតែបន្តគាំទ្រទៅលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ ដើម្បីជួយកម្ពុជាក្នុងការទប់ទល់នឹងវិបត្តិជម្ងឺរាតត្បាតសកល​៕