(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល (SSCA) បានប្រកាសអំពីការរៀបចំនូវកិច្ចប្រជុំលើកទី៥ នៃគម្រោងការគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាកាសចរណ៍ ស៊ីវិល (CACI) នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង (MLC) ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC)។

កិច្ចប្រជុំលើកទី៥ក្នុងគម្រោងការ CACI ហៅកាត់ថា CACI-MLC 5 គឺជាកិច្ចប្រជុំស្តីពីការរៀបចំផែនការ និងប្រតិបត្តិការអាកាសយានដ្ឋាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ៣ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ ដោយមានអ្នកចូលរួមចំនួន៥០នាក់ មកពី តំណាងមកពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម តំណាងមកពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុនអាកាចរជាតិ ខេមបូឌៀ អង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរក្នុងស្រុកផ្សេងទៀត។

តាមរយៈមូលនិធិពិសេស Lancang-Mekong ក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សាធារណៈរដ្ឋប្រជាមានិតចិន គម្រោងការ CACI បានដើរតួជាអ្នកជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយប្រមូលផ្តុំតំណាងមកពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងតំណាងជាប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មស្ថិតក្នុងវិស័យអាកាសចរណ៍។ ដោយបានអនុលោមតាមស្តង់ដារអន្តរជាតិ ICAO និងឧត្តមានុវត្ត គម្រោងការ CACI មានគោលបំណងធានាថាប្រតិបត្តិការអាកាសចរណ៍ស៊ីវិលនៅក្នុងតំបន់មេគង្គ-ឡានឆាង ស្របទៅតាមស្តង់ដារ ដែលទទួលស្គាល់ជាសកល ប្រកបដោយសុវត្ថិភាព សន្តិសុខ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជា តំណាងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្លែងថា «ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងភាពប្រសព្វជំនាញក្នុងចំណោមប្រទេសជាសមាជិកមេគង្គ-ឡានឆាង គម្រោងការCACI មានគោលបំណងសម្រួលដល់ការផ្លាស់ប្តូរបទពិសោធន៍ និងការយល់ដឹងដើម្បីបង្កើន ឧស្សាហកម្មអាកាសចរណ៍»

លោកបន្តថា ការប្តេជ្ញាចិត្តនេះមិនត្រឹមតែបានបំពេញគម្លាតនៃការអភិវឌ្ឍន៍ តាមរយៈ ការផ្លាស់ប្តូរទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់អាទិភាពសំខាន់ដល់ការចុះសម្រុងគ្នានៃបទប្បញ្ញត្តិ គោលនយោបាយ និងសកម្មភាពអាកាសចរណ៍។ វេទិកានេះផ្តល់លទ្ធភាពដល់ការស្វែងរកការបង្កើតក្របខ័ណ្ឌស្របគ្នាសម្រាប់ការសន្ទនា ការបង្កើតគោល ការណ៍ឯកភាពរួម និង កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងរដ្ឋជាសមាជិក។

បន្ទាប់ពីដាក់ឲ្យដំណើរការ នៅឆ្នាំ ២០២១ គម្រោងការ CACI ដែលអនុវត្តដោយ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ត្រូវបានគាំទ្រដោយមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាគម្រោងមួយក្នុងចំណោមគម្រោង  ប្រហែល ៨០ ដែលបានផ្តួចផ្តើមដោយប្រទេសកម្ពុជា។ នៅឆ្នាំនេះ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៩ ដែលគ្របដណ្តប់លើវិស័យដូចជា ការដឹកជញ្ជូន ភស្តុភារ ប្រព័ន្ធព័ត៌មាន សន្តិសុខស្បៀង ការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិរក្សវប្បធម៌។

ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាក្របខណ្ឌអនុតំបន់ថ្មីមួយ ដែលផ្តួចផ្តើមដោយប្រទេសជាប់ព្រំដែនទាំង៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ និងប្រើប្រាស់ភាពខ្លាំងរៀងៗខ្លួន ដើម្បីជំរុញសន្តិភាព និងវិបុលភាពសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនទាំងអស់។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៦ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានគាំទ្រគម្រោងជាង ៦០០ សម្រាប់វិស័យសំខាន់ៗ រួមទាំងកសិកម្ម សុខភាព បរិស្ថាន ការអប់រំ និងអាកាសចរណ៍ នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង៕