(កំពង់ឆ្នាំង)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាំកូនដើមក្ងោក ១៥០ដើម និងលែងកូនត្រី ១៥,០០០ក្បាល ក្រោមការដឹកនាំ សម្របសម្រួលដោយ គ្រីស្ទបរិស័ទ ខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ កម្លាំងពាក់ព័ន្ធនានា និង ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជាង ២០០នាក់។

សកម្មភាពទាំងអស់នេះ បានធ្វើនៅច្រកបាក់ដាវ ភ្នំនាងកងរី ភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញ។

កម្មវិធីដាំកូនឈើ និងលែងកូនត្រី នេះធ្វើឡើង ដើម្បីកើនរំលឹក បណ្តុះនូវស្មារតីដល់យុវជន សិស្សានុសិស្ស ឲ្យចេះស្រលាញ់បរិស្ថាន ចេះថែរក្សាធនធានធម្មជាតិ ដោយរួមធ្វើសហប្រតិបត្តិការរួមគ្នា ថែរក្សានូវអ្វីដែលមានស្រាប់ និងចូលរួមបន្ថែម ក្នុងការដាំដុះ កូនឈើ និងថែរក្សា ការពារ នូវធនធានមច្ឆាជាតិចម្រុះ។

នាឱកាសនោះ លោកបានផ្សព្វផ្សាយ អំពីការចូលរួមទប់ស្កាត់ការប្រព្រឹត្តបទល្មើស ការកាប់ឆ្ការព្រៃលិចទឹក ដែលជាប្រភព ជម្រកនៃ ជីវៈចម្រុះ ការប្រើឧបករណ៍នានាដើម្បីនេសាទ ដែលផ្ទុយនឹងការហាមឃាត់ របស់រដ្ឋាភិបាល ទៅលើមច្ឆាជាតិ ពីព្រោះទាំងអស់នេះ គឺជាសម្បត្តិ ដ៏មានតម្លៃ មិនអាចខ្វះបានរបស់ជាតិ៕