(ព្រះសីហនុ)៖ ក្រោមការយកចិត្តទុកដាក់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាគ្រូឧទ្ទេស និងលោក ចន ចន្ធី មន្ត្រីជំនាញនៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាគ្រូឧទ្ទេស ដើម្បីផ្តល់ចំណេះដឹងជូនមន្រ្តីរាជការ ដែលអញ្ជើញមកពី រដ្ឋបាលខេត្ត មន្ទីរនិងអង្គភាពនានាជុំវិញខេត្តព្រះសីហនុ សរុបប្រមាណ ៨៦នាក់។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម ជូនដល់មន្ត្រីរាជការអំពីកម្មវិធីផលិតភាពរបស់ទូរសព្ទដៃ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ក្នុងការប្រកបវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស របស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួម ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕