(ភ្នំពេញ)៖ លោកស្រី ទន សុគន្ធា អនុរដ្ឋលេខាធិការ និងជានាយិកាខុទ្ទកាល័យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់កុំព្យូទ័រ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាល តំណាងដោយលោក ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងឱកាសនោះ លោកស្រីអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កាលពីលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញផ្តល់បាឋកថាស្តីពី «កម្ពុជា៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល» ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល លោករដ្ឋមន្ត្រី ពិនិត្យឃើញថាសាលាភូមិន្ទរដ្ឋបាលមានតម្រូវការ ក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល ហើយសម្រេចផ្តល់កុំព្យូទ័រ ៥០គ្រឿង។

លោកស្រីបានបន្ថែមថា ចំពោះសម្ភារៈ ដែលបានប្រគល់ជូននៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់សិស្សមន្រ្តី និងកម្មសិក្សាការីលើជំនាញបច្ចេកវិទ្យាឌីជីថល។ ចំពោះកុំព្យូទ័រ ៥០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀន ដែលមានភាពស្មុគស្មាញរបស់មុខវិជ្ជានីមួយៗ។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលបានរួមចំណែកយ៉ាងសកម្ម លើការលើកកម្ពស់ ពង្រឹងសមត្ថភាពដល់សិស្សមន្រ្តី និងកម្មសិក្សាការី ឱ្យមាន ចំណេះដឹង ចំណេះធ្វើ និងវិជ្ជាជីវៈយ៉ាងពិតប្រាកដដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ និងជាធនធានមនុស្សសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោកនាយករងសាលាភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ជាសកម្មភាពដ៏ថ្លៃថ្លាដើម្បីជួយជំរុញ និងពង្រឹងដំណើរការបណ្តុះបណ្តាល នៃសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗរបស់សង្គមផ្អែក លើគោលនយោបាយនៃការអនុវត្តធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងការចូលរួមចំណែក កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល៕