(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងលុបចោលរាល់ឯកសារ និងលិខិតស្នាមផ្សេងៗបញ្ជាក់ពីភាពជា «ពលរដ្ឋខ្មែរ» ដែលត្រូវបានអាជ្ញាធរ ឬសមត្ថកិច្ច ចេញឲ្យជនអន្តោប្រវេសន៍នៅកម្ពុជានាពេលកន្លងទៅ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបរបាយការណ៍ជំហានដំបូង ស្ដីពីការបន្ដការអនុវត្តការងារគ្រប់គ្រងជនអន្ដោប្រវេសន៍នៅកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សុខ ផល បញ្ជាក់ថា ជនបរទេសអន្ដោប្រវេសន៍ ដែលបានកាន់កាប់ឯកសាររដ្ឋបាល បញ្ជាក់ពីភាពជាពលរដ្ឋខ្មែរមានជិត ១០ម៉ឺននាក់។
បើតាមនាយឧត្តមសេនីយ៍ សុខ ផល ជនអន្តោប្រវេសន៍ ដែលនឹងត្រូវប្រកាសលុបចោលឯកសាររដ្ឋបាលនានានេះ នឹងត្រូវឲ្យពួកគេបំពេញបែបបទជាជនអន្តោប្រវេសន៍ឡើងវិញ តែបើពួកគេមិនព្រមបំពេញឯកសារជាជនអន្តោប្រវេសន៍ទេ គឺអាចត្រឡប់ទៅប្រទេសដើម របស់ពួកគេវិញ។
លោក បានបញ្ជាក់យ៉ាងដូច្នេះ «បងប្អូន ដែលកាន់កាប់ឯកសារខ្មែរនេះ យើងបានបដិសេធ ធ្វើការបដិសេធនៅថ្ងៃខាងមុខនេះ។ ប៉ុន្តែយើងមិនបណ្តេញចេញជាក្រុម ជាពួកទៅប្រទេសដើមវិញទេ ព្រោះមានច្រើនសញ្ជាតិណាស់ មិនមែនតិចសញ្ជាតិទេ ប៉ុន្តែវៀតណាមច្រើនជាងគេ។ អ៊ីចឹងអ្នកដែលនឹងត្រូវប្រកាសបដិសេធ នៅពេលខាងមុខនោះ គេនឹងទៅជាអ្វី? ទី១. បើអត់មានលិខិតស្នាមទេ គេអាចទៅប្រទេសដើមគេវិញ ដោយស្ម័គ្រចិត្ត ទី២. ដោយសាររស់នៅយូរហើយ គេអាចដាក់ពាក្យសុំធ្វើជាជនអន្តោប្រវេសន៍ ហើយបើគេស្ម័គ្រចិត្ត គេអាចដាក់ពាក្យសុំសញ្ជាតិខ្មែរ ប្រសិនបើរស់នៅបានរយៈពេល៧ឆ្នាំមកហើយនោះ»។
នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា យោងតាមការស្រាវជ្រាវរបស់មន្រ្តីអន្តោប្រវេសន៍ជនអន្តោប្រវេសន៍នៅកម្ពុជា គឺមានតាំង ពីឆ្នាំ១៩៥៦មកម្ល៉េះ។ បើតាមលោក សុខ ផល ជនអន្តោប្រវេសន៍នៅកម្ពុជា មានចំនួនជាង ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានរហូតដល់៩០ភាគរយ។
ចំពោះជនបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ និងគ្មានលិខិតស្នាមអ្វីទាំងនោះ គឺនឹងត្រូវអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ គឺចាប់បណ្តេញពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ សុខ ផល។
នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា រយៈពេលប្រមាណ ១ឆ្នាំកន្លះ បន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបានបង្កើតឡើង មានជនបរទេសជាង ១ម៉ឺននាក់ហើយ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្នុងនោះជនជាតិវៀតណាមមានចំនួនច្រើនជាង។
បើទោះបីជាយ៉ាងណា លោក សុខ ផល ថា ការអនុវត្តច្បាប់អន្តោប្រវេសន៍ត្រូវធ្វើតាមគោលការគោរពសិទ្ធិមនុស្ស ដោយចាប់បញ្ជូនដោយសន្តិវិធី ដើម្បីរក្សាបាននូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ពោលគឺមិនធ្វើដូចរបប លន់ ណុល និងរបប ប៉ុល ពត នោះឡើយ។ របបទាំងពីរនេះ ការអនុវត្តវិធានការអន្តោប្រវេសន៍ គឺជាការកាប់សម្លាប់ ដែលមានភាពសាហាវព្រៃផ្សៃ។
នាយឧត្តមសេនីយ៍បន្តថា អគ្គនាយករដ្ឋានរបស់លោក នឹងនៅតែបន្តអនុវត្តន៍នូវច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងជនបរទេសនៅកម្ពុជា។ លោក សុខ ផល ក៏បានព្រលយឲ្យដឹងផងដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងសហការជាមួយក្រុមហ៊ុនឯកជនបង្កើតប្រព័ន្ធបច្ចេកទំនើប ដើម្បីគ្រប់គ្រងជនបរទេសនៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕