(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបានអះអាងពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន យកទៅដាក់នៅ គន្លងផែនដីបានដោយជោគជ័យ ហើយបានសន្យាថានឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍បន្ថែមទៀតនាពេលអនាគត ដើម្បីការពារខ្លួនប្រឆាំងនឹង អ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាសកម្មភាពយោធាដ៏គ្រោះថ្នាក់ពីសត្រូវរបស់ខ្លួន។

ក្រុមអ្នកវិភាគបាននិយាយថាប្រសិនបើផ្កាយរណបស៊ើបការណ៍នេះពិតជាដំណើរការមែន នោះវានឹងផ្ដល់ឱ្យកូរ៉េខាងជើង នូវមធ្យោបាយដ៏សំខាន់ ក្នុងការពង្រឹងសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា ក្នុងនោះរួមមានទាំងសមត្ថភាពកំណត់គោលដៅវាយប្រហារលើសត្រូវកាន់តែជាក់លាក់។ តាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ផ្កាយរណបស៊ើបការណ៍ឈ្មោះ Malligyong-1 ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតឈ្មោះ Chollima-1។ KCNA ក៏បានសង្កត់ធ្ងន់ដែរថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍នេះជាសិទ្ធិស្របច្បាប់របស់កូរ៉េខាងជើង ដើម្បីពង្រឹងសិទ្ធិស្វ័យការពារខ្លួន។ ប៉ុន្តែ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសដោយចាត់ទុកថាការបាញ់បង្ហោះនេះជាទង្វើបំពានយ៉ាងច្បាស់លើដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានហាមឃាត់កូរ៉េខាងជើង ប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគ។

* ការប៉ុនប៉ងលើកទី៣
កូរ៉េខាងជើង បានប៉ុនប៉ងជាលើកដំបូងក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យកទៅដាក់នៅគន្លងផែនដី កាលពីចុងខែឧសភាកន្លងទៅនេះ ប៉ុន្តែកំណាត់ទី២នៃគ្រាប់រ៉ុក្កែតពាំផ្កាយរណបនេះមិនដំណើរការ និងបានធ្លាក់ចូលសមុទ្រ។ ការប៉ុនប៉ងជាលើកទី២ របស់កូរ៉េខាងជើង បានបរាជ័យជាថ្មី ដោយគ្រាប់រ៉ុក្កែតពាំផ្កាយរណបត្រូវផ្ទុះឆេះជាច្រើនបំណែក មុននឹងធ្លាក់ចូលសមុទ្រលឿង សមុទ្រខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាម ក្រុមមន្ត្រីជប៉ុន។

ទោះជាត្រូវបរាជ័យ ២លើកក្ដី ក៏នៅក្នុងសុន្ទរកថាមួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Song បានបញ្ជាក់ថាកូរ៉េខាងជើងនឹងប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍សាជាថ្មី និងចាត់ទុកថាវាជាសិទ្ធិស្របច្បាប់របស់កូរ៉េខាងជើង ក្នុងនាមជា រដ្ឋអធិបតេយ្យមួយ។ លោក Kim Song ក៏បានច្រានចោលដែរចំពោះការចោទប្រកាន់ថាកូរ៉េខាងជើងកំពុងព្យាយាមអភិវឌ្ឍមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM តាមរយៈការបាញ់បង្ហោះផ្កាយរណប។

រហូតដល់យប់ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ទើបការប៉ុនប៉ងលើកទី៣ ត្រូវបានធ្វើឡើង ហើយនៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា កូរ៉េខាងជើង បានអះអាង ពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ យកទៅដាក់នៅគន្លងផែនដី។

* ជាការពង្រឹងសមត្ថភាពយោធាសម្រាប់កូរ៉េខាងជើង
ក្រុមអ្នកវិភាគ បាននិយាយថាត្រឹមតែផ្កាយរណបស៊ើបការណ៍មួយគត់នៅក្នុងគន្លងផែនដី គឺអាចជួយពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើង។ លោក Carl Schuster ជាអតីតនាយកប្រតិបត្តិការនៅមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់រួម នៃទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានលើកឡើងថា ប្រសិនបើផ្កាយរណបស៊ើបការណ៍ពិតជាដំណើរការមែន នោះវានឹងធ្វើឱ្យសមត្ថភាពស៊ើបការណ៍ តាមដាន ទូរគមនាគមន៍ ការគ្រប់គ្រង និងទីបញ្ជាការ របស់យោធាកូរ៉េខាងជើងកាន់តែល្អប្រសើរឡើង។

ដូចគ្នាដែរ លោក Ankit Panda ជាអ្នកជំនាញខាងគោលនយោបាយមកពីវិទ្យាស្ថាន Carnegie Endowment for International Peace បាន កត់សម្គាល់ថាផ្កាយរណបនឹងផ្ដល់ឱ្យកូរ៉េខាងជើង នូវសមត្ថភាពកំណត់គោលដៅយោធាបានជាក់លាក់ និងអាចជួយដល់ការវាយតម្លៃពីការខូចខាត ដែលពីមុនមក កូរ៉េខាងជើងនៅមានចំណុចខ្វះខាតច្រើន។ លោក Panda បន្តថាមេរៀនដែលបានរៀនពីការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃអង្គារ នឹងត្រូវបានយកទៅប្រើនៅក្នុងអភិវឌ្ឍផ្កាយរណបថ្មីៗនៅពេលអនាគត។ តែទោះជាបែបនេះក្ដី អ្នកជំនាញខ្លះ នៅតែមានការសង្ស័យនៅឡើយ ដោយថា គេត្រូវរង់ចាំមើលសមត្ថភាពជាក់ស្ដែងនៃផ្កាយរណបរបស់កូរ៉េខាងជើងសិន។ ម្យ៉ាងវិញទៀត អ្នកជំនាញខ្លះទៀតយល់ថាកូរ៉េខាងជើងអាចនឹងខាតបង់ ច្រើនដោយសារតែការដំណើរការឡើងវិញនូវសកម្មភាពស៊ើបការណ៍របស់កូរ៉េខាងត្បូង នៅតាមតំបន់ព្រំដែនកូរ៉េ ច្រើនជាងផលចំណេញបានមកពីការ បាញ់បង្ហោះផ្កាយរណប។

នៅត្រង់ចំណុចនេះ លោក Leif-Eric Easley ជាសាស្ត្រចារ្យម្នាក់មកពីសាកលវិទ្យាល័យ Ewha University ក្នុងទីក្រុងសេអ៊ូល បាននិយាយថា ប្រតិបត្តិការស៊ើបការណ៍ដោយយន្ដហោះដ្រូនរបស់កូរ៉េខាងត្បូងនៅតាមតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ អាចនឹងចាប់ផ្ដើមឡើងវិញក្នុងពេល ឆាប់ៗ ហើយវានឹងប្រមូលបានទិន្នន័យស៊ើបការណ៍ដែលមានប្រយោជន៍ ជាជាងកម្មវិធីផ្កាយរណបជំហានដំបូងរបស់កូរ៉េខាងជើង។

កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបាននិយាយថាខ្លួនបានសម្រេចចិត្តព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាមួយ ដែលបានចុះហត្ថលេខា ជាមួយ កូរ៉េខាងជើងកាលពីឆ្នាំ២០១៨ និងចាប់ផ្ដើមសកម្មភាពស៊ើបការណ៍យោធាឡើងវិញនៅក្បែរតំបន់ព្រំដែនរវាងកូរ៉េទាំង២។

*​ តើរុស្ស៉ីជាអ្នកជួយឱ្យកូរ៉េខាងជើង ជោគជ័យឬ?
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយកាលពីសប្ដាហ៍មុនថាកូរ៉េខាងជើងទំនងជាអាចដោះស្រាយបាននូវបញ្ហាម៉ាស៊ីន គ្រាប់រ៉ុក្កែតដោយមានការជួយពីរុស្ស៉ី។ ការបាញ់បង្ហោះផ្កាយរណបនេះទៀតសោត កើតមានឡើងក្រោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅប្រទេសរុស្ស៉ី កាលពីខែកញ្ញា និងបានធ្វើដំណើរជាមួយលោក ពូទីន ទៅទស្សនាមូលដ្ឋានបាញ់បង្ហោះរ៉ុក្កែតអវកាសរុស្ស៉ី។

ក្នុងជំនួបជាមួយលោក គីម លោក ពូទីន បានបញ្ជាក់ពីឆន្ទៈជួយដល់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍកម្មវិធីទីអវកាស និងផ្កាយរណប។ ប៉ុន្តែ អ្នកជំនាញ ដូចជាលោក Panda បានបង្ហាញការសង្ស័យចំពោះការសន្មត់ថាការផ្ដល់ជំនួយ និងយោបល់ពីរុស្ស៉ី បានជួយឱ្យកូរ៉េខាងជើងទទួលបានជោគជ័យក្នុង ការបាញ់បង្ហោះផ្កាយរណបជាលើកទី៣។ «ដោយសារតែកត្តាពេលវេលា វាដូចជាមិនទំនងទេសម្រាប់ខ្ញុំ ដែលកូរ៉េខាងជើងទទួលបានជំនួយបច្ចេកទេស ពីរុស្ស៉ីភ្លាម ហើយអាចទទួលបានជោគជ័យភ្លាម។ នៅត្រង់នេះកូរ៉េខាងជើងខ្លួនឯងក៏មានសមត្ថភាពគួរឱ្យកត់សម្គាល់ដែរក្នុងពេលបច្ចុប្បន្ន»។ នេះជាការ បញ្ជាក់របស់លោក Panda។

គួរបញ្ជាក់ថា ភ្លាមៗ ទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន មិនទាន់អាចផ្ទៀងផ្ទាត់ ឬបញ្ជាក់បានថាតើការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ពិតជាទទួលបានជោគជ័យដូចការអះអាងរបស់កូរ៉េខាងជើងប្រាកដមែន ឬក៏យ៉ាងណានោះទេ ហើយណាមួយជោគជ័យរបស់ផ្កាយរណបនេះ គឺអាស្រ័យ ទៅលើសមត្ថភាពស៊ើបការណ៍របស់វា។ ប៉ុន្តែ KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានត្រួតពិនិត្យមូលដ្ឋានទ័ពអាកាសសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅលើកោះ Guam តាមរយៈរូបភាពនេះត្រូវបានថតដោយផ្កាយរណបស៊ើបការណ៍ទើប ត្រូវបាញ់បង្ហោះ។ តាម KCNA រូបភាពថតពីលើអាកាសទាំងនោះ ដែលទទួលបានពីផ្កាយរណបនៅម៉ោង ៩៖២១ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកានេះ (ម៉ោងក្នុងតំបន់) រួមមានមូលដ្ឋានទ័ពអាកាស Anderson Apra Harbor និងមូលដ្ឋានទ័ពសំខាន់ផ្សេងទៀត របស់កងទ័ពអាមេរិកនៅកោះ Guam ក្នុងតំបន់ប៉ាស៊ីហ្វិក៕