(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល កៅស៊ូ Excel Patch ចំនួន ១.០០០បាវ ពីគណៈប្រតិភូក្រុមហ៊ុន IKEE Group ដឹកនាំដោយលោក SHU NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។
Excel Patch គឺជាប្រភេទកៅស៊ូត្រជាក់ ដែលប្រើប្រាស់សម្រាប់ជួសជុលផ្លូវថ្នល់ នៅគ្រប់លក្ខខណ្ឌអាកាសធាតុ មិនថាក្នុងរដូវវស្សាក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះក្រុមហ៊ុនក៏បានជម្រាបអង្គពិធីអំពី ផលិតផលថ្មីៗ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដែលក្រុមហ៊ុនមានផ្គត់ផ្គង់ សម្រាប់ការងារសាងសង់ និងជួសជុលផ្លូវថ្នល់ និងបានស្នើសុំឱ្យក្រសួង ពិចារណាពិនិត្យលទ្ធភាពលើការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យាទាំងនោះ ដោយហេតុថា វាមានលក្ខណៈសមស្របអាចប្រើប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ៕