(សៀមរាប)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី សេចក្តីព្រាងគោលការណ៍រួម សម្រាប់អនុវត្តនីតិវិធីលទ្ធកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញតាមអង្គភាពក្រោមឱវាទក្រសួង តំណាងមន្ទីរទាំង២៥ រាជធានី-ខេត្ត និងអ្នកជំនាញកិច្ចការលទ្ធកម្ម មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់ និងគ្រប់អង្គភាពកងវិស្វកម្ម សរុបប្រមាណ ១៨០នាក់។

សិក្ខាសាលានេះ រៀបចំឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងប្រមែប្រមូលធាតុចូល សម្រាប់រៀបចំសេចក្តីព្រាងគោលការណ៍អនុវត្តកិច្ចលទ្ធកម្ម នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យកាន់តែប្រសិទ្ធភាពការងារ និងជំនឿទុកចិត្តខ្ពស់ លើការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលពាក់ព័ន្ធកិច្ចការលទ្ធកម្មសាធារណៈរបស់ក្រសួង ឱ្យមានសង្គតិភាព ស្របតាមច្បាប់ លើលិខិតបទដ្ឋានគតិយុត្តិ និងសម្រាប់ជាយន្តការរួមមួយ ជួយកាត់បន្ថយពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព៕