(កណ្ដាល)៖ ពិធីបុណ្យអុំទូក"ង" ដែលមានចំណុះទូកចូលរួមចំនួន៥២ទូក មានទូកខ្នាតខ្លីខ្នាតវែង បានប្រណាំងគ្នាបែកទឹកកក្រើកស្រុកល្វាឯម ដើម្បីដកស្រង់បច្ចេកទេសត្រៀមលក្ខណ:ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ។

ពិធីនេះបានធ្វើឡើងយ៉ាងឱឡារឹកនៅស្រុកល្វាឯម រយ:ពេល២ថ្ងៃ ពោលគឺចាប់ផ្ដើមនៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានលើកឡើងថា ការរៀបចំឲ្យមានស្តង់ពិព័រណ៍ តូបលក់ចំណីអាហារ ភេសជ្ជ: វត្ថុអនុស្សាវរីយ៍យ៉ាងច្រើន និងមានតន្ត្រីកម្សាន្តជាមួយនឹងតារាចម្រៀងផងដែរ។ រឹតតែស្អាតនោះ គឺពេលយប់មានភ្លើងចម្រុះពណ៌ ខណ:ដែលការរៀបចំនេះនឹងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនណាស់ ហើយសណ្ដាប់ធ្នាប់ កងកម្លាំងជាង២០០នាក់ ត្រូវបានដាក់ពង្រាយគ្រប់ទីកន្លែង ដើម្បីរក្សាការពារសុវត្ថិភាពដល់មកលេងកម្សាន្ត និងទីតាំងសុខាភិបាលផងដែរ ដើម្បីសង្រ្គោះពលរដ្ឋដែលមានតម្រូវការផ្នែកសុខភាពបន្ទាន់។

លោកអភិបាលស្រុកថ្លែងបន្តថា កម្មវិធីដ៏ពិសេសនេះ អាចប្រព្រឹត្តទៅបានគឺទទួលបានការឧបត្ថម្ភពីសំណាក់ឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល ដែលលោកតែងតែជួយឧបត្ថម្ភមិនដែលខានឡើយមកចំពោះរាល់កម្មវិធីអ្វីមួយនៅមូលដ្ឋានរបស់លោក ក្នុងនោះក៏មានស្រុកល្វាឯមផងដែរ។

លោកអភិបាលស្រុកថ្លែងថា ការប្រណាំងទូកឆ្នាំនេះហាក់មានភាពសប្បាយរីករាយ និងមានការចូលរួមច្រើនជាងឆ្នាំកន្លងទៅ ពោលគឺរដ្ឋបាលស្រុក បានរៀបចំការប្រណាំងត្រូវកាល ត្រូវវេលា ពោលគឺចំខែកក្ដិក មានខ្យល់ធ្លាក់ត្រជាក់រងា ហើយពលរដ្ឋមកលេងម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ និងពោរពេញទៅដោយភាពសប្បាយរីករាយ។

លោកអភិបាលស្រុកស្នើឲ្យពលរដ្ឋជិតឆ្ងាយមកលេងកម្សាន្តឲ្យបានច្រើនកុះករ ដែលការរៀបចំកម្មវិធីនេះធ្វើឡើងនៅមុខវិទ្យាល័យទឹកឃ្លាំង ភូមិ-ឃុំទឹកឃ្លាំង បរិវេណតារាងបាល់ទាត់ដ៏ធំទូលាយ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្ត បានសម្ដែងការសប្បាយរីករាយចំពោះកម្មវិធីដ៏កក្រើកនេះ និងកោតសរសើរចំពោះលោកបណ្ឌិតអភិបាលស្រុក ដែលលោកលះបងកម្លាំងកាយចិត្ត ធនធាន រៀបចំកម្មវិធីក៍ឱឡារឹកជ្រកក្រោមម្លប់សន្តិភាពដ៏កក់ក្ដៅយើងនេះ៕