(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកថវិកាធានារ៉ាប់រងសង្គម ចំនួន ៧៤,០១៧,៦៨០រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន១០គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ បងប្អូនអតីតយុទ្ធជនទាំងនោះ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះផងដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៏បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាព្រោះបងប្អូនអតីតយុទ្ធជនបានចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់គ្រួសារសពអតីតយុទ្ធជនយើង ត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់៕