(កោះកុង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៩ ឆ្នាំ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមជម្រាបថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាជីដូនបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអនុប្រធានស.ស.យ.ក.។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមប្រធាន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌សម្រាប់សង្គមជាតិ។ ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ចាំកេសន គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលបានបូជាអស់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន  បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕