(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ និងស្ដែងការគួរសម ដែលធ្វើឡើងរវាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា, លោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីបេ្ដជ្ញាចិត្ដ ក្នុងការបន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល ក្នុងនោះមានគម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចំរុះ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ។ជំនួបនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ GAVI ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងដល់កម្ពុជា លើការងារ និងសកម្មភាពផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលកម្ពុជា។

លោកប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកបានជម្រាបជូនលោកសាស្ត្រាចារ្យរដ្ឋមន្រ្តីថា អង្គការ GAVI បាននិងកំពុង បន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០១មក តាមរយៈគម្រោងសំខាន់ៗដូចជា៖ ១) គម្រោងពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការ ពីឆ្នាំ២០០១ ដល់ឆ្នាំ ២០០៩ ២) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី១ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ៣) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី២ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ និង ៤) គម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចំរុះ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយបានបន្តគាំទ្រគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល​ជំហាន​ទី៣។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ GAVI ដែលបានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយបានជួយគាំទ្រក្នុងការរៀបចំ និងអនុវត្តផែនការមេនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជួយក្រសួងសុខាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់បរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនធំបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាក្រោមគម្រោង Gavi COVAX Facility សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម និងសេដ្ឋកិច្ច ដែលជាគោលដៅប្រកបដោយមហិច្ឆិតារបស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ និងផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ក្នុងកិច្ចសហការដ៏ល្អដើមី្បកុមារកម្ពុជាទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ និងសូមថ្លែងអំណរគុណអង្គការ GAVI ដែលបានបញ្ជាក់ជំហរ និងប្តេជ្ញាចិត្តបន្តគាំទ្រក្រសួងសុខាភិបាល ព្រមទាំងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀតទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ស្រុកប្រតិបត្តិ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល​ អាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕