(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ងួន រតនៈ បានលើកឡើងអំពីគោលបំណងនៃអង្គសន្និបាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងឆ្លុះបញ្ចាំងនូវលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ សំដៅធ្វើឲ្យការអនុវត្តបន្តកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់តាមរយៈការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់អំពីចំណុចខ្លាំង និងចំណុចអសកម្មដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។

លទ្ធផលនៃអង្គសន្និបាទនឹងក្លាយជាផែនទីចង្អុលបង្ហាញ និងឆ្លុះបញ្ចាំងសម្រាប់ពង្រឹងការអនុវត្តសកម្មភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

អភិបាលខេត្តកំពង់ធំបន្ថែមទៀតថា ដើម្បីឱ្យអង្គសន្និបាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំប្រព្រឹត្តិទៅដោយរលូនទៅតាមផែនការដែលបានគ្រោងទុក លោកស្នើដល់គណៈកម្មការរៀបចំអង្គសន្និបាតចូលរួមពិនិត្យ ផ្តល់យោបល់ដោយខ្លឹមសារត្រូវឱ្យស្របនឹងទិសដៅការងាររបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានបញ្ជូលទៅក្នុងអង្គសន្និបាត៕