(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តគាំទ្រដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចំរើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួងព័ត៌មាន និងជំរុញលើកទឹកចិត្តឲ្យលេងកីឡា បន្ទាប់ពីហត់នឿយ ពីបំពេញកិច្ចការងារ។

នេះជាប្រសាសន៍លើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តី បានបញ្ជាក់ពីការបន្តគាំទ្រដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចំរើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួងព័ត៌មាន ពិសេសបានឈ្នះមេដាយពីការប្រកួតអន្តរជាតិ មកជូនប្រទេសជាតិ ថែមទៀតផងដែរ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឲ្យបង្កើតបន្ថែមនូវប្រភេទកីឡាផ្សេងៗទៀតក្រៅពីកីឡាហែលទឹក ដូចជាក្រុមកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយឃ្លីលើតុ កីឡាបូល និងប៉េតង់ ដើម្បីឲ្យមន្រ្តីរាជការចូលរួមលេងសប្បាយ ធ្វើឲ្យសុខភាពរាងកាយរឹងមាំ ហើយជាការផ្លាស់ប្តូរបរិយាកាស សម្រាប់បង្កើនផលិតភាពការងារបានកាន់តែល្អបន្ថែមទៀត ។

លោក នេត្រ ភក្ត្រា ដែលជាប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន បានជម្រាបជូនពីគម្រោងរៀបចំការប្រកួតកីឡាហែលទឹក របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ។

នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានវាយតំលៃខ្ពស់លទ្ធផលការងារ និងភាពជោគជ័យ របស់ក្លឹបហែលទឹកក្រសួងព័ត៌មាន។

ជាមួយនេះគ្នា លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានគាំទ្រដល់ការបង្កើតក្លឹបហែលទឹកក្រសួងព័ត៌មាន នេះឡើង ដើម្បីជួយដល់កូនចៅ របស់មន្រ្តីរាជការក្រសួងព័ត៌មាន ដែលមានចំណង់ចំណូលចិត្តខាងកីឡាហែលទឹក បានមករៀន ហ្វឹកហាត់ និងការចំណាយថវិកាអស់តិចថែមទៀតផងដែរ។

លោករដ្ឋមន្រ្តី បានជំរុញការឲ្យមានការផ្សព្វផ្សាយទូលំទូលាយ ដើម្បីអោយមន្រ្តីរាជការក្រសួងព័ត៌មាន នាំកូនចៅ មកចុះឈ្មោះចូល ក្លឹបហែលទឹក បានច្រើនបន្ថែមទៀត ព្រោះថាបើសិនជាមានសមាជិក កាន់តែច្រើនកាន់តែល្អ ដើម្បីបង្កើតជាឱកាសនៃការកំសាន្តមួយនៅចុងសប្តាហ៍ ដែលក្មេងៗ សម្រាកពីការសិក្សា អាចមកហែលទឹកលេងសប្បាយ។

លោកថា ការហាត់រៀនកីឡា ហែលទឹក គឺផ្តល់ការអប់រំកាយ អប់រំចិត្ត អប់រំកីឡា កាត់បន្ថយពេលវេលាដែលមិនសមប្រកប ធ្វើឲ្យមានបញ្ហា បែរមកហាត់លេងកីឡាហែលទឹក ដើម្បីឲ្យមានកាយសម្បទារឹងមាំ សុខភាពល្អ។ ការរៀន និងចេះហែលទឹក គឺបានជួយដល់រាងកាយរបស់យើងឲ្យបានរឹងមាំ សុខភាពល្អ សាច់ឈាមស្រស់ថ្លា។

តាមរបាយការណ៍របស់ លោក សុខ សារ៉េត ទីប្រឹក្សា និងជាប្រធានក្លឹបហែលទឹក ក្រសួងព័ត៌មាន បានលើកឡើងពីការបង្កើតក្លឹបនេះកាលពីពាក់កណ្តាលឆ្នាំ២០១៧ ដែលមានលោក ខៀវ កាញារីទ្ធ ជាប្រធានកិត្តិយស និងមានប្រធានក្លឹប ១ រូប អគ្គលេខាធិការ ១ រូប ហិរញ្ញឹក ១ រូប និងអនុប្រធានក្លឹប ៣ រូប។

បច្ចុប្បន្នក្លឹបមានកីឡាករ កីឡាការិនី ៨ រូប ហើយក្លឹបបាននឹងកំពុងបង្ហាត់បង្រៀនកូនៗ មន្រ្តីរាជការក្រសួងព័ត៌មាន ដោយឥតគិតថ្លៃ សរុប ៨៨ នាក់ ។

ក្នុងរយ:ពេល ៦ ឆ្នាំកន្លងមកនេះ កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន បានប្រកួតឈ្នះ មេដាយមាស ក្នុងស្រុកចំនួន ២៩ គ្រឿង, មេដាយប្រាក់ចំនួន ២៤ គ្រឿង,
* មេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ចំនួន ០១គ្រឿង មេដាយសំរឹទ្ធចំនួន ២៥ គ្រឿង
* ស៊ីហ្គេមនៅវៀតណាម ០១គ្រឿង ក្នុងឆ្នាំ២០២២ សរុបទាំងអស់ ៧៧ គ្រឿង ។

ប្រធានក្លឹបហែលទឹក បានសំដែងនូវអំណរគុណ ចំពោះអស់លោក លោកស្រី ដែលតែងតែជួយជ្រោមជ្រែងលើកទឹកចិត្ត ក៏ដូចជាថវិកា ដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ពិសេសការបន្តគាំទ្ររបស់រដ្ឋមន្រ្តី នេត្រ ភក្ត្រា ទាំងស្មារតី និងថវិកា ដែលជាចលករសំខាន់ក្នុងការរួមចំណែករក្សាបាននូវសមត្ថភាព និងភាពរីកចម្រើនរបស់កីឡាករ កីឡាការនី និងជាការរួមចំណែកក្នុងការស្វែងរក ឲ្យបាននូវមេដាយមាសជូនជាតិមាតុភូមិ ផ្នែកកីឡាហែលទឹកជាបន្តបន្ទាប់ទៅមុខទៀត។

ក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា បានឧបត្តម្ភថវិកាចំនួន ១ ០០០ ដុល្លារ ដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្តល់សម្លៀកបំពាក់កីឡា ក្នុង ១ ឆ្នាំ ម្នាក់ ២ កំប្លេ , ជាមួយនេះ ឯកឧត្តម បានចែកជូននូវ មី និង ភេសជ្ជៈ ដល់ក្មួយៗជាកីឡាករហែលទឹកបានមកចូលរួមនាឱកាសនេះផងដែរ។

ដោយឡែកលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមគាំទ្រដល់ក្លឹបហែលទឹក ៥០ ម៉ឺនរៀល, លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ៥០ ម៉ឺនរៀល, លោក ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ១០០ដុល្លារ៕