(ព្រៃវែង)៖ ខេត្តព្រៃវែង ក្នុងរយៈពេល១១ខែ ចាប់គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បរិមាណនាំស្រូវចេញក្រៅផ្លូវការទៅប្រទេសវៀតណាមមានចំនួនប្រមាណ ១,៩១៥,៦២៩តោន ចំណូលសរុប ៤៩៣,១៣៨,៤០៤ដុល្លារ។ ចំណែកតម្លៃស្រូវជាមធ្យមស្រូវ IR504-04 តម្លៃ ១,២២០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451តម្លៃ១២០០រៀលក្នុង១គីឡូក្រាមនិងស្រូវក្រអូបតម្លៃ ១,៣២០រៀល ក្នុង១គីឡូក្រាម។

បើយោងតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផលិតកម្មដំណាំស្រូវរដូវវស្សានៅខេត្តព្រៃវែង គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុវត្តបានលើផ្ទៃដីព្រោះសរុប ២៨៥,០៤៤ហិកតា (ស្ទូងគ្មាន)ស្មើនឹង ១១៤.០២% នៃផែនការ ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង ៨,២២៥ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ បញ្ចប់ការដាំដុះ ប្រមូលផលស្រូវរដូវវស្សាសម្រេចបាន ១៤៤,៣៤៦ហិកតា ស្មើនឹង៥០.៦៤% នៃផ្ទៃដីអនុវត្តបានសរុប ២៨៥,០៤៤ហិកតា បរិមាណផលសរុប ៥៥៨,៦៥២តោន។

លោកបានបន្តថា ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១,៣៩៤ហិកតា ស្មើនឹង ១១៦.៣៦% នៃផែនការ ១,២៥៧ហិកតា។ ប្រមូលផលសរុប ១,៣៩៤ហិកតា បរិមាណផលសរុប ២០,២៦២តោន។ដំ ណាំឧស្សាហកម្មមានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើផ្ទៃដីសរុប៣៩៧៤ហិកតា ស្មើនឹង៧៣,៥៩% នៃផែនការ ៥,៤០០ហិកតា។ ប្រមូលផលសរុប ៣,៩៧៤ហិកតា បរិមាណផលសរុប ៦៧,៣៤០តោន។

លោកបានបន្ថែមថា ការនាំចេញផ្លែស្វាយបរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៣ សរុបមានចំនួន ៨៧,១៩៨តោន (រួមទាំងស្វាយឆ្លងកាត់) តម្លៃផ្លែស្វាយជាមធ្យម៩៤៥/គីឡូក្រាម ចំណូលសរុប ១៨,៤៩៥,៥៩០ដុល្លារ។ ដោយឡែកក្នុងសប្ដាហ៍នេះ សរុបមានចំនួន១,២៧៩តោន ចំណូលសរុប ២៩៤,៧៦៤ដុល្លារ។

សូមបញ្ជាក់ថា ខេត្តព្រៃវែងការនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកចំនួនពីរសំខាន់ គឺច្រកទ្វារអន្តរជាតិបន្ទាយចក្រី នៅក្នុងស្រុកព្រះស្ដេច និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង៕