(ភ្នំពេញ)៖ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង បានជួបអ្នកវិនិយោគជប៉ុនជាង១០ក្រុមហ៊ុន ដើម្បីបង្ហាញសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។
ជំនួបរវាងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងអ្នកវិនិយោគជប៉ុន បានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការរៀបចំ និងសម្របសម្រួលដោយក្រុមហ៊ុន UR Linkage Co.,Ltd. តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អាយអិនជី ហូលឌីង រួមមានលោក អុឹង ស៊ីវម៉េង និងលោក អ៉ឹង ស៊ីវខូវ ជាដើម។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងនាំយកអ្នកវិនិយោគិនដែលមកពីបណ្ដាក្រុមហ៊ុនធំៗនៅប្រទេសជប៉ុនមកស្វែងយល់ពីបរិយាកាស និងស្ថានភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាពិសេសនៅក្នុងគម្រោងទីក្រុងរណប អ៉ឹង ស៊ីធី (ING City) ដែលជាតំបន់អភិវឌ្ឍន៍មានសក្ដានុពលជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ និងមានគម្រោងអភិវឌ្ឍន៍ធំជាច្រើន ជាពិសេសផ្សារទំនើបខ្នាតយក្សរបស់ជប៉ុន អ៉ីអន មានជ័យ។
ក្រោយកិច្ចពិភាក្សា ប្រតិភូវិនិយោគទាំងអស់បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅទីក្រុងរណប ING City និងបានលើកឡើងថា គម្រោងទីក្រុងរណប ING City ជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដោយគោរពតាមគោលការណ៍បរិស្ថានរួមបញ្ចូលនៃការអភិវឌ្ឍបែបបៃតង និងជាទីក្រុងឆ្លាតវៃ៕