(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានគូសរំលេចថា នយោបាយការបរទេស គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រយៈពេល៣ខែក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចធិបតី បានធ្វើដំណើរបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានាលើចម្ងាយផ្លូវជិត ៦ម៉ឺនគីឡូម៉ែត្រ ហើយជួបមេដឹកនាំ និងភ្ញៀវបរទេសរហូតដល់ទៅ៤៤លើក។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលរយៈពេល៣ខែរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា បើពិនិត្យមើលលម្អិតទៅលើសកម្មភាពទូត និងលទ្ធផលនៃសកម្មភាពទូតរបស់សម្តេចធិបតី ក្នុងអំឡុងបីខែចុងក្រោយនេះ បានបង្ហាញឱ្យឃើញនូវ នយោបាយការបរទេសរបស់ប្រមុខរាជរដ្ឋាភិបាលថ្មី ផ្តោតលើជ្រុង ឬមុមសំខាន់ៗចំនួនបីរួមមាន៖ ការទូតសកម្ម, ស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូត និងសារៈសំខាន់នៃសារនយោបាយទូត។
អតីតអ្នកសារព័ត៌មានដ៏ល្បាញល្បីរូបនេះ បានលើកឡើងថា បើមើលសកម្មភាពទូតបីខែចុងក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើសកម្មភាពការទូតយ៉ាងសកម្ម។ ក្នុងអំឡុងពេលជិត១០០ថ្ងៃចុងក្រោយនេះ សម្តេចធិបតី ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និងប្រទេសចំនួន៤, ធ្វើដំណើរទៅមក ពីក្នុងស្រុក-ទៅក្រៅស្រុក-ពីក្រៅស្រុក-មកក្នុងស្រុកវិញ គិតជាចម្ងាយសរុបប្រមាណជិត ៦ម៉ឺនគីឡូម៉ែត្រ។
បើតាមលោក ហ្សង់ហ្វ្រង់ស័រ បានបង្ហាញឱ្យឃើញសកម្មភាពនៅក្រៅស្រុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃ៤ដល់៧កញ្ញា, បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន ពីថ្ងៃ១៤ ដល់១៧ ខែកញ្ញា, ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃទី២១ ដល់ថ្ងៃ២៣ ខែកញ្ញា, ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន រួចហើយទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែតុលា។
«នយោបាយការបរទេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រយៈពេលបីខែចុងក្រោយនេះ គឺជាការបន្តអនុវត្តគោលគំនិត និរន្តរភាព និង សង្គតិភាព។ គឺជានយោបាយការបរទេសមួយ ដែលកំពុងក្លាយជាឧបករណ៍មួយបែបប្រព័ន្ធនិងជាជំហរនយោបាយមួយច្បាស់លាស់។ វាបាននិងកំពុងបន្តអនុញ្ញាតឱ្យព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលខ្លួន ទៅក្នុងឆាកតំបន់ និង ទៅក្នុងឆាកអន្តរជាតិ»។ នេះជាការបញ្ជាក់របស់លោក ហ្សង់ហ្វ្រង់ស័រ។
លោកបន្តថា «នៅក្នុងថ្នាលនយោបាយការបរទេសកម្ពុជាដ៏យូរលង់នេះហើយ ដែលក្នុងអំឡុងពេលបីខែចុងក្រោយនេះ សម្តេចធិបតី អនុវត្តការទូតមួយសកម្ម, ការទូតសេដ្ឋកិច្ច, និងពង្រឹងជំហរនៃកម្ពុជា តាមរយៈការពង្រឹងសារនយោបាយជាតិ នៅចំពោះមុខពិភពលោក»។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមានអតីតភាពជាអ្នកសារព័ត៌មានរូបនេះ បានចាត់ទុកបេសកកម្មការទូតរបស់សម្តេចធិបតី មានភាពជោគជ័យ ព្រោះថាការទូតមួយសកម្ម អនុញ្ញាតឱ្យថ្នាក់ដឹកនាំបរទេសស្គាល់ និងទទួលស្គាល់យ៉ាងពេញលេញ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
លោក ហ្សង់ហ្វ្រង់ស័រ បានមើលឃើញដែរថា នយោបាយការទូតសេដ្ឋកិច្ចដែលកំពុងក្លាយជាស្នូលដ៏សំខាន់ជាងគេបង្អស់មួយនៃនយោបាយការបរទេសរបស់កម្ពុជាក្នុងសករាជសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននិងកំពុងបន្តផ្តើមនាំមកនូវផ្លែផ្កា នោះគឺប្រយោជន៍សេដ្ឋកិច្ច ដើម្បីឱ្យប្រជាជាតិកម្ពុជាបន្តអភិវឌ្ឈទៅមុខទៀត។ ដូចគ្នាដែរ ការណ៍ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញច្បាស់ៗនូវបន្ទាត់ធំៗនៃនយោបាយការបរទេសរបស់កម្ពុជា ក្នុងបរិបទអន្តរកាលនៅផ្ទៃក្នុងកម្ពុជា បាននិងកំពុងបន្តជួយកម្ពុជានៃយើងទាំងអស់គ្នា ឱ្យសម្របសម្រួលខ្លួនទៅក្នុងឆាកតំបន់និងទៅក្នុងឆាកអន្តរជាតិ ស្របពេលដែលភូមិសាស្ត្រនយោបាយពិភពលោកមានលក្ខណៈកាន់តែស្មុគស្មាញនិងកាន់តែតានតឹង៕
p style="text-align: center;">