(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចជលផលខេត្តកណ្ដាល បានបន្តសកម្មភាពប្រតិបត្តិការបង្រ្កាប បទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូចភ្លៀងរលឹម ដើម្បីលុបបំបាត់ឲ្យអស់នូវបទល្មើសនេសាទនានា ដែលអាចឈានដល់ការប៉ះពាល់ ពពួកជីវៈចម្រុះក្នុងទឹក ជាហេតុបង្កមហន្តរាយដល់ធនធានជលផល នៅតំបន់ដែនអភិរក្សឡូរនេសាទ នារដូវបិទនេសាទ ពោលគឺផ្ទុយនឹងច្បាប់ជលផល។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចជលផល ខេត្តកណ្ដាលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចជលផល ខេត្តកណ្ដាល ឃាត់បានបទលើ្មសឆក់ត្រីពីរករណី ក្នុងនោះរឹបអូសវត្ថុតាង ហើយធ្វើការកំទេចចោល លូស្បៃមុង ២៣មាត់លូ, របាំងស្បៃមុង ២៣០០ម៉ែត្រ, បង្គោល២៥០០ដើម និងសង្គ្រោះកូនត្រីបាន ១២០គឺឡូក្រាម ។ ក្នុងនោះរឹបអូសបានវត្ថុតាង ជាក់ស្ដែង មានអាគុយពីរគ្រឿង,អាំងវ៉ាកទ័រឆក់ត្រីពីរគ្រឿង និងដងឆក់ចំនួន៤ ខណៈដែលជនល្មើសបានរត់គេចខ្លួនបាត់។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានឲ្យ Fresh News ដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានសហការជាមួយកម្លាំងជលផលសង្កាត់២នាក់ និងកម្លាំងសហគមន៍នេសាទចំនួន១៣នាក់ តាមរយៈមធ្យោបាយធ្វើដំណើរ ដោយទូកចំនួន៣គ្រឿង បានធ្វើសកម្មភាពបង្រ្កាបបទល្មើសនេសាទ នៅចំណុចកន្ទុយព្រែកបាញ់ឆែវ ឃុំសណ្ដា ស្រុកលើកដែក ខេត្តកណ្ដាល ដោយរឹបអូសបានវត្ថុតាងជាច្រើន យកមកកម្ទេចចោលដូចខាងលើ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តរូបនេះ បានបន្តឲ្យដឹងទៀតថា ស្ថិតនៅក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចបានដាក់កម្លាំងចាំឃ្លាំមើល រាល់ចំណុចដែលធ្លាប់មានបទល្មើស នេសាទនានា ទូទាំងខេត្ត ហើយបានបើកប្រតិបត្តិការ បង្រ្កាបជាប្រចាំដូចភ្លៀងរលឹម ទោះបីជាការបង្ក្រាបនោះ ទទួលបានលទ្ធផលតិចក្ដីច្រើនក្ដី ក៏កម្លាំងរបស់លោក នៅតែចុះជាក់ស្ដែងជានិច្ច ដើម្បីទុកឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានផលត្រីខ្ពស់នៅរដូវបើកនេសាទ៕