(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានលើកឡើងថា ការបណ្តុះបណ្តាល ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត គឺជាការងារសំខាន់ និងចាំបាច់ ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្ដិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

លោក ម៉ប់ សារិន លើកឡើងបែបនេះនៅក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលមានសមាជិកក្រុមប្រឹក្សា ចូលរួម៩៤រូប មកពីខេត្តកំពង់ស្ពឺ ខេត្ដកោះកុង និងរាជធានី ដោយរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនៅព្រឹកថ្ងៃថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានថ្លែងថា វគ្គបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ដ នាពេលនេះនឹងប្រែក្លាយសមាគមជាតិ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ និងសម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងភាពសក្ដិសិទ្ធ។

ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានបន្តថា ការងារបច្ចុប្បន្នបានដាក់ចេញជាគោលការណ៍ ក្នុងការរៀបចំបែងចែក ភារកិច្ចជូនដល់សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ ជា៥ផែន ឱ្យទទួលខុសត្រូវលើការងារប្រាស្រ័យ ទាក់ទង និងសហការជាមួយក្រុមប្រឹក្សាខណ្ឌ, ក្រុមប្រឹក្សាសង្កាត់, មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, ទីចាត់ការ-អង្គភាពនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ, វិស័យឯកជន, អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ហើយផែនទាំង០៥រួម ទាំងគណៈកម្មាធិការកាតព្វកិច្ចទាំង៣ និងការិយាល័យប្រជាពលរដ្ឋរបស់ ក្រុមប្រឹក្សាត្រូវបានធ្វើរបាយការណ៍ជូនក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា។

លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ គឺជាវគ្គបណ្តុះបណ្តាលលើកទី១ នៅកម្រងទី១ ដោយកំណត់យករាជធានីភ្នំពេញ ជាទីកន្លែងនៃការផ្ដល់វគ្គបណ្តុះបណ្តាល និងបានបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីកិច្ច ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តតួនាទី ភារកិច្ច ក្នុងនាមជាសមាជិក សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីសម្រេចឱ្យបាននូវផែនការ យុទ្ធសាស្ត្រ ៥ឆ្នាំដំណាក់កាលទី២ (ឆ្នាំ២០១៩-២០២៣) របស់សមាគមជាតិ ដោយក្នុងនោះបានកំណត់យុទ្ធសាស្ត្រទី២ (ការអភិវឌ្ឍសមត្ថភាព) គឺជាសេវាស្នូលដែលសមាគមជាតិ ត្រូវផ្ដល់ដល់សមាជិកសមាគម។ យុទ្ធសាស្ត្រទី២នេះ មានគោលបំណងប្រែក្លាយសមាគមជាតិ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ និងសម្របសម្រួល ក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងភាពសក្ដិសិទ្ធ។

សម្រាប់ឆ្នាំ២០២៣ សមាគមជាតិមានបំណងរៀបចំការបណ្តុះបណ្តាល តែមួយលើក សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នៅតាមកម្រងនីមួយៗ ដោយជ្រើសរើសខេត្តណាមួយ នៃកម្រងជាទីកន្លែងសម្រាប់ការបណ្តុះបណ្តាល។ ប៉ុន្តែដោយសារថវិការបស់សមាគមជាតិ ដែលបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំ០.៣% និងប្រាក់ ១ដុល្លារ ២ដុល្លារ ដែលសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្នុងតំណែងបង់ក្នុងមួយខែៗ តែប្រមូលសរុបប្រចាំឆ្នាំមានកំណត់ ។ ដូច្នេះការបណ្តុះបណ្តាលត្រូវឡើង ចំនួនពីរលើក នៅតាមកម្រងនីមួយៗ៕