(ភ្នំពេញ)៖ លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តឲ្យ សហគ្រាសធុនតូច និងមធ្យម (SME) ឲ្យពង្រឹងឲ្យខ្លាំងក្លា លើការប្រើប្រាសបច្ចេកវិទ្យាឌីជីថល ដើម្បីមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួន ឆ្ពោះទៅរកទីផ្សារក្នុងស្រុក និងតំបន់។

ការលើកឡើងរបស់លោកបណ្ឌិត គង់ ម៉ារី ធ្វើឡើងក្នុងកម្មវិធី «ពិព័រណ៍ធុរកិច្ចឌីជីថល ឆ្នាំ២០២៣» រៀបចំឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបណ្ឌិត គង់ ម៉ារី បានថ្លែងឲ្យដឹងថា ពិព័រណ៍ធុរកិច្ចឌីជីថល ឆ្នាំ២០២៣ ផ្ដោតសំខាន់លើការជំរុញ ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសមត្ថភាពអាជីវកម្មខ្លួន។

លោកបណ្ឌិតបានបញ្ជាក់ថា «ដូច្នេះខ្ញុំសូមលើកទឹកចិត្ត ដល់សហគ្រាស ឬសហគ្រាសធុនតូច និងមធ្យមទាំងអស់ប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ក៏ព្រោះថាក្រៅពីការពង្រឹងសមត្ថភាពអាជីវកម្មរបស់ខ្លួន ក៏អាចមានឱកាសពង្រីកទីផ្សារ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលក់អាជីវកម្មរបស់ខ្លួន ទាំងក្នុងស្រុក និងឈានដល់ក្នុងតំបន់នាពេលអនាគត ដែលធ្វើឲ្យទីផ្សាររបស់ខ្លួនកាន់តែធំ និងជោគជ័យ»

លោកបណ្ឌិត គង់ ម៉ារី បានបន្ថែមថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីចម្បង និងសំខាន់ក្នុងមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចជាមុខងារសង្គមដែលឆ្លុះបញ្ចាំង តាមរយៈការលេចឡើងនូវផលិតផល និងសេវាឌីជីថលជាច្រើនដូចជា ការចុះបញ្ជីអាជីវកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការទូទាត់សងប្រាក់ឌីជីថល, និងកម្មវិធីទំនាក់ទំនងសង្គម ដែលចូលមកសម្រួល ដល់ការងារ និងមុខជំនួញ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ។
ខណៈដែលសកម្មភាពទាំងនេះបាននិងកំពុងតែវិវឌ្ឍ,សេដ្ឋកិច្ចឌីជីថលក៏លេចឡើងកាន់តែច្បាស់ និងបានក្លាយជាចន្ទល់ថ្មី សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងដែរ។ សេដ្ឋកិច្ចឌីជីថលផ្តល់នូវកាលានុ-វត្តភាពជាច្រើន ពិសេសតាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ, ការជំរុញនវានុវត្តន៍
និងសហគ្រិនភាព, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល,
ការកាត់បន្ថយភាពពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជវភាពសេដ្ឋកិច្ច
និងសមត្ថភាពប្រកួតប្រជែងជាដើម។

លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ បានថ្លែងថា ក្នុងទិសដៅគាំទ្រធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាដែនវានុ-វត្តន៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្លាស់ប្ដូរខ្លួនយ៉ាងរហ័ស ក្នុងរយៈពេល៤ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន រហូតទៅដល់៣ដង ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរឥតឈប់ឈរ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ធុរកិច្ចឌីជីថលកម្ពុជា។

លោកបានបន្ដថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានអនុវត្តការងារស្នូលចំនួន៥រួមមាន៖
១៖ ការអនុវត្តកម្មវិធីពន្លឿនអាជីវកម្មធុរកិច្ចថ្មី។
២៖ ការរៀបចំកម្មវិធីគាំទ្រប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងកម្មវិធីធុរកិច្ចថ្មីកម្ពុជា។
៣៖ ការអនុវត្តកម្មបរិវត្តកម្មឌីជីថលសហគ្រាស។
៤៖ ការស្រាវជ្រាវគោលនយោបាយ។
៥៖ ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះសម្រាប់គាំទ្រធុរកិច្ចឌីជីថល និងការផ្តល់សេវាគាំទ្រ ការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

លោកបានបន្ដថា សម្រាប់ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ នេះ ជាផ្នែកមួយនៃការបង្ហាញសកម្មភាពគាំទ្រទាំង
៥ របស់មជ្ឈមណ្ឌលដល់ធុរកិច្ចឌីជីថលកម្ពុជា៕