(កំពង់ធំ)៖ លោក ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ថា យ៉ាវ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងក្រុមការងារញ្ជើញចូលរួម ពិធីបុណ្យកឋិនក្នុងវត្តសង់ឃ្លាំង ខេត្តកំពង់ធំ។
ពិធីបុណ្យកឋិនក្នុងវត្តសង់ឃ្លាំង ខេត្តកំពង់ធំបានជាការផ្ដួចផ្ដើមបុណ្យដោយ ព្រះចៅអធិការវត្តសង់ឃ្លាំង ដើម្បីដង្ហែរវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្ត ពោធិរោង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលកាន់ព្រះពុទ្ធសាសនា ប្រាកដក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែរអង្គកឋិនទាន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា តាមទីអារាមនានានោះ នឹងទទួលបានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខហើយនោះ។
ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាស ដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបង្ហាញថា ពុទ្ធបរិស័ទ នាំគ្នាធ្វើបុណ្យកឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទានថា ជាកាលទានដ៏ មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល ៣ខែដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ៕