(ព្រៃវែង)៖ គណៈកម្មការៀបចំសន្តិសុខសណ្តាប់ធ្នាប់ផ្សារក្រុងព្រៃវែង ខេត្ដព្រៃវែង សហការជាមួយគណៈកម្មការផ្សារ ដឹកនាំដោយលោក អាត សារ៉ី អភិបាលរងក្រុងព្រៃវែង និងជាប្រធានគណៈកម្មការរៀបចំសណ្តាបធ្នាប់ ផ្សារក្រុងព្រៃវែង និងលោក ទេស សាបាន នាយករដ្ឋបាលសាលាក្រុងព្រៃវែង និងជាអនុប្រធានគណៈកម្មការរៀបចំសណ្តាបធ្នាប់ផ្សារក្រុងព្រៃវែង នៅព្រឹក២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយរៀបចំសណ្តាប់ធ្នាប់ ជាលើកចុងក្រោយដល់បងប្អូនអាជីវករមិនឱ្យដាក់អីវ៉ាន់លក់ដូរលើដងផ្លូវសាធារណៈ ដែលចូលក្នុងគុំនូសដែលបានកំណត់ជុំវិញផ្សារក្រុងព្រៃវែង។
អភិបាលរងក្រុងព្រៃវែង បានថ្លែងថា ការរៀបចំសណ្តាប់ធ្នាប់ផ្លូវជុំវិញផ្សារក្រុងព្រៃវែងនេះ គឺដើម្បីឱ្យមានរបៀបរៀបរយសណ្ដាប់ធ្នាប់ បរិស្ថាន សោភណ្ឌភាព ដោយបច្ចុប្បន្ននេះនៅតែមានបងប្អូនអាជីវករមួយចំនួន បន្តយកអីវ៉ាន់ ដាក់លក់ដូរ ចូលក្នុងគុំនូសកំណត់ នៅលើដងផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃដោយគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ។
គណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង បានកំណត់ឱសានវាទរយៈពេល ២ថ្ងៃទៀតដោយចាប់គិតពីថ្ងៃ២៣ ដល់ថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០២៣ និងអនុវត្តតាមច្បាប់សម្រាប់បងប្អូនអាជីវករ ដែលនៅតែដាក់លក់អីវ៉ាន់ចូលក្នុងគុំនូសកំណត់។
លោក អាត សារ៉ី បានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរខេត្ត និងក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រុងព្រែវែងនេះ តែជាលទ្ធផលបងប្អូនអាជីវករមួយចំនួនតូចនៅតែមិនបានអនុវត្ត តាមការណែនាំរបស់គណៈកម្មការផ្សារនៅឡើយ។ ក៏ប៉ុន្តែបងប្អូនអាជីវករមួយចំនួនធំគាត់ក៏បានអនុវត្តតាមការណែនាំរបស់គណៈកម្មការរៀបចំសម្រាប់ធ្នាប់ផ្សាររួចហើយ។
ប្រធានគណៈកម្មការរៀបចំសណ្តាបធ្នាប់ផ្សារក្រុងព្រៃវែង បានបន្តថា នេះជាលើកចុងក្រោយហើយសម្រាប់ការចុះផ្សព្វផ្សាយណែនាំ ក្រើនរំលឹកដល់បងប្អូនអាជីវករទាំងអស់ ដែលដាក់លក់ដូរចូលក្នុងគំនូសកំណត់ ដោយតម្រូវឱ្យអាជីវកររើគ្រែ រើឆ័ត្រចេញពីដងផ្លូវ ឬទ្រូងផ្លូវតែម្តង ព្រោះវាជាផ្លូវសាធារណ: ដោយមិនអនុញ្ញាតឱ្យពួកគាត់លក់លើផ្លូវបន្តទៀតទេ។ ក្នុងករណីបងប្អូនអាជីវករ តវ៉ា ឬមិនសហការជាមួយអាជ្ញាធរទេ គណៈកម្មការ និងអនុវត្ដតាមនីតិវិនៃច្បាប់។
លោកបានបន្ថែមថា គោលបំណង ដែលគណៈកម្មការរៀចំសណ្តាប់ធ្នាប់ផ្សារក្រុងព្រៃវែង ចុះរៀបចំនេះ គឺដើម្បីបញ្ជ្រៀស ការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ការប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ សាធារណៈ។
ការប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅធ្វើដំណើ និងបង្កឲ្យប៉ះពាល់ដល់ការបង្ការទប់ស្កាត់ និងងាយស្រួលក្នុងការសង្រ្គោះពេលមានបញ្ហាកើតឡើងជាយថាហេតុដូចជា អគ្គីភ័យឆាប់ឆេះជាដើម។ ប៉ះពាល់ដល់សោភណ្ឌភាព។ ប៉ះពាល់ដល់បរិស្ថានអនាម័យ។ ដូច្នេះគណៈកម្មការសង្ឃឹម និងជឿជាក់ថា បងប្អូនអាជីវករលក់ដូរលើផ្លូវសាធារណៈ និងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយគណៈកម្មការយើងឲ្យ បានទាំងអស់គ្នា។
សូមបញ្ជាក់ថា ចំពោះបងប្អូនដែលជីវករដែលបានដាក់តាំងលក់សម្ភារៈអីវ៉ាន់លើសគំនូសកំណត់របស់គណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ផ្សារ នៅពេលដែលគណៈកម្មការរៀបចំដណ្ដាប់ធ្នាប់ផ្សារចុះអនុវត្តច្បាប់តាមនីតិវិធីនោះ រាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិអីវ៉ាន់ណាមួយរបស់បងប្អូនអាជីវករគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ផ្សារក្រុងព្រៃវែងគឺមិនទទួលខុសត្រូវនោះទ្បើយ៕