(ភ្នំពេញ)៖ នគរបាលសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ដែលធ្វើសកម្មភាពធាក់ម៉ូតូសិស្សសាលសាចំនួន ៣នាក់ ឱ្យដួល និងវាយបណ្តាលឱ្យរងរបួស នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០ម៉ោង៣០នាទី នៅចំណុចផ្លូវលេខ១១០ ភូមិ០៨ សង្កាត់ផ្សារចាស់ ។

ជនសង្ស័យមានឈ្មោះ ស្រ៊ូ រិទ្ធីស័ក្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ខណៈបក្ខពួកឈ្មោះ វណ្ណារិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មិនរបរ និងទីលំនៅមិនពិតប្រាកដ រួមជាមួយបក្ខពួកចំនួន០៦ នាក់ទៀត ពុំស្គាល់អត្តសញ្ញាណ កំពុងគេចខ្លួន។

ជនរងគ្រោះរួមមាន៖

ទី១៖ ឈ្មោះ ហ៊ុល រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៧អី៤ ផ្លូវលេខ១៧ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទី២៖ ឈ្មោះ នូ បូណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ១១អី២ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
និងទី៣៖ ឈ្មោះ លី ស៊ីមហ៊ួត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៨៤ អី០ ផ្លូវ១១០ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០ម៉៣០នាទី ជនរងគ្រោះមានគ្នា ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាប៊ីត ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ ១IV-៦៩៨១ ជិះចេញពីម្ដុំវត្តភ្នំគោលបំណងត្រឡប់មកផ្ទះវិញ លុះជិះមកដល់ចំណុចផ្លូវលេខ១១០ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន ០៨នាក់ ជិះម៉ូតូចំនួន ០៥គ្រឿង បានជិះមកអែប និងម៉ូតូរបស់ជនរងគ្រោះរួចធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឱ្យដួល និងចុះទៅវាយលើជនរងគ្រោះបណ្ដាលឱ្យរងរបួស ភ្លាមនោះដែលក៏មានការឆោឡោហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចដែលល្បាតនៅក្បែរកន្លែងកើតហេតុបានឃើញក៏ចុះជួយធ្វើការអន្តរាគមន៍ ឃាត់ជនសង្ស័យបានចំនួនមួយនាក់ឈ្មោះ ស្រ៊ូ រិទ្ធីស័ក្ត ភេទប្រុស អាយុ ១៦ឆ្នាំ និងម៉ូតូមួយគ្រឿង ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HH-១២០៤ រួចធ្វើការបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារចាស់ដើម្បីធ្វើការសាកសួរបន្ត។

ចំពោះមុខកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕