(ព្រៃវែង)៖ លោក ជា កក្កដា ប្រធានមន្ទីរធនធានរ៉ែ និងថាមពល ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មជីក និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានមួយចំនួន ស្ថិតនៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង និងបានធ្វើការណែនាំមួយចំនួនដល់អ្នកពាក់ព័ន្ធ។
លោកប្រធានមន្ទីរបានធ្វើការណែនាំម្ចាស់អាជីវកម្ម ត្រូវអនុវត្តតាមសារាចរណ៍ណែនាំរបស់ក្រសួងធនធានរ៉ែ និងថាមពល ឲ្យបានត្រឹមត្រូវ និងមិនត្រូវដឹកលើសទ្រុងរថយន្ត ត្រូវគ្របចងឱ្យជិត ដើម្បីកុំឱ្យមានដីជ្រុះធ្លាក់លើផ្លូវ ដែលបណ្តាលឱ្យប៉ះពាល់ដល់អ្នករួមដំណើរតាមផ្លូវ និងប៉ះពាល់បរិស្ថាន។ ចំណែកដីដែលជ្រុះធ្លាក់លើផ្លូវជាតិ ម្ចាស់អាជីវកម្មត្រូវបាញ់ទឹកលាងសម្អាតឱ្យបានស្អាតឡើងវិញ មិនត្រូវទុកឱ្យមានភក់ជ្រាំនោះទេ បើម្ចាស់អាជីវកម្មណា ល្មើសនឹងសារាចរណ៍ណែនាំរបស់ក្រសួងធនធានរ៉ែ និងថាមពល នឹងត្រូវទទួលពិន័យ ឬត្រូវបញ្ឈប់សកម្មភាពអាជីវកម្មតែម្តង៕