(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តំណាងរដ្ឋសភា បានអញ្ជើញបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំ លើកទី១ នីតិកាលទី៧។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំនេះ ខណៈតំណាងរដ្ឋសភា ត្រូវបានដឹកនាំដោយ លោក អង្គ វង្សវឌ្ឍនា។

បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន ១១លើក ក្នុងគោលបំណងឱ្យខ្លឹមសារមានសង្គតិភាពទៅនឹងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ព្រមទាំងសមស្របតាមស្ថានភាពជាក់ស្ដែង។

ម្យ៉ាងទៀតច្បាប់មួយចំនួនពាក់ព័ន្ធនឹងការបង្កើតក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងឈ្មោះគណៈកម្មការជំនាញ នៃរដ្ឋសភាមួយចំនួន ពុំទាន់សមស្របនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការនានានៃរដ្ឋសភានៅឡើយ ព្រមទាំងបទពិសោធន៍របស់រដ្ឋសភា និងការវិវត្តរបស់សា្ថប័ន រដ្ឋសភា តម្រូវឱ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ចំនួន ៣ប្រការទៀត គឺប្រការ៤ថ្មី ប្រការ ៦ថ្មី (ពីរ) និងប្រការ ២៩ថ្មី។

សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារធ្វើវិសោធនកម្ម ដូចតទៅ៖

* ១៖ ប្រការ ៤ថ្មី
កែសម្រួលវាក្យខណ្ឌចុងក្រោយ ដោយបានមន្ថែមពាក្យ «ប្រាក់សម្រាប់រៀបចំពិធីបុណ្យសព» ដែលមាន ខ្លឹមសារដូចតទៅ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវរៀបចំរបបប្រាក់បំណាច់ របបធានារ៉ាប់រងសង្គម ប្រាក់សម្រាប់រៀបចំពិធីបុណ្យសព របបបេសកកម្ម និងលក្ខខណ្ឌធ្វើការងាររបស់តំណាងរាស្ត្រ។

* ២៖ ប្រការ ៦ថ្មី(ពីរ)
ប្រការ៦ថ្មី (ពីរ)នេះ ត្រូវបានកែសម្រួលដោយ៖
-កំណត់ឈ្មោះគណៈកម្មការនានានៃរដ្ឋសភាតាមវិស័យ ដើម្បីគណៈកម្មការនានានៃរដ្ឋសភា អនុវត្ត តាមតួនាទីទាំង៣ របស់ខ្លួនបានរលូន ដោយបានកែសម្រួលឈ្មោះគណៈកម្មការចំនួន៧ គឺគណៈកម្មការ ទី១ គណៈកម្មការទី៣ គណៈកម្មការទី៤ គណៈកម្មការទី៥ គណៈកម្មការទី៧, គណៈកម្មការទី៨ និង គណៈកម្មការទី៩ យោងតាមបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៩៧ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ប្រការ ៣៤ថ្មី និងដើម្បីឱ្យមានសង្គតិភាពជាមួយក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល និងវិស័យនានានៃស្ថាប័នជាតិ ព្រមទាំងសមស្របនឹងការវិវត្តនៃរដ្ឋសភា នីតិកាលទី៧។

-បន្ថែមមួយកថាខណ្ឌចុងក្រោយ គឺ «តួនាទី និងភារកិច្ចរបស់គណៈកម្មការនានានៃរដ្ឋសភា ត្រូវកំណត់ ដោយសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា»។

៣៖ ប្រការ ២៩ថ្មី
កែសម្រួលនៅក្នុងចំណុចទី២ វាក្យខណ្ឌទី១ និងវាក្យខណ្ឌទី២ ដោយបន្ថែមពាក្យ «ឬលើគន្ធីមួយ ម្ដងៗក៏បាន» នៅចុងចំណុចទី២ ដើម្បីសម័យប្រជុំរដ្ឋសភា អាចធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងកម ឬសេចក្តីស្នើក្រម លើគន្ធីមួយម្តងៗបាន។

ខ្លឹមសារកែសម្រួលថ្មី នៅក្នុងចំណុចទី២ វាក្យខណ្ឌទី១ និងវាក្យខណ្ឌទី២គឺ៖

២-អង្គសភាពិភាក្សា និងអនុម័តលើមាត្រាមួយម្តងៗក៏បាន ឬលើជំពូកមួយម្តងៗក៏បាន ឬលើគន្ធីមួយម្តងៗក៏បាន។ អង្គសភាអាចប្រើនីតិវិធីពិភាក្សាសង្ខេបបាន ដោយពិភាក្សាតែមាត្រា ឬជំពូក ឬគន្តីណាដែលមានសំណើធ្វើវិសោធនកម្មជាលាយលក្ខណ៍អក្សរដូចមានចែងក្នុងប្រការទាំងឡាយខាងលើនេះ៕