(រតនគិរី)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី រួមនឹងមន្ត្រីអ្នកមុខអ្នកការមួយចំនួន បានធ្វើពិធីសែនព្រេនបួងសួង សុំសេចក្តីសុខនៅស្តូបអ្នកតាបឹងកន្សែងដល់ក្រុមកីឡាករទូក «ង»។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំបានលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទស្សបារមី ដែលថែរក្សាទឹកដីខេត្តរតនគិរី ជាពិសេសបារមីលោកតាបឹងកន្សែង សូមជួយកាន់ខ្នងរងមុខសុំសេចក្តីសុខសប្បាយ និង សូមឲ្យដំណើរការនៃព្រឹត្តិការណ៍អុំទូកនៅបឹងកន្សែងនាថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ពលរដ្ឋ ចូលរួមទស្សនាកម្សាន្តពិធីប្រណាំងទូកនៅបឹងកន្សែងក្រុងបានលុងខេត្តរតនគិរីរយៈពេល២ថ្ងៃ (២៣-២៤) ឲ្យបានច្រើនកុះករ៕