(ស្វាយរៀង)៖ លោក ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ស្បោង សារ៉ាត បានថ្លែងថា វគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ រៀបចំឡើងមានរយៈពេលមួយថ្ងៃកន្លះ សម្រាប់ផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ តាមរយៈការសម្របសម្រួលរបស់ក្រុមគ្រូឧទ្ទេស និងការពិភាក្សាគ្នាលើការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានីខេត្ត។
លោកបានស្នើសុំដល់លោក លោកស្រី មេត្តាខិតខំស្វែងយល់បន្ថែមទៀតអំពីច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតគតិយុត្តពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹងឱ្យការអនុវត្តតួនាទី របស់យើងកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភាកិច្ច ដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្ម ដែលជាតំណាងសាធារណៈស្វ័យភាពមូលដ្ឋាន ការពិគ្រោះយោបល់និងការចូលរួម ការឆ្លើយតបនិងគណនេយ្យភាព ការលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលដ្ឋនៅក្នុងមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាព និងសុចរិតភាព និងវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាចនានាផងដែរ៕