(បាត់ដំបង)៖ នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាពលទាហានទី៥ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង វគ្គហ្វឺនហ្វឺនជំនាញការពារព្រំដែន វគ្គបំប៉នជំនាញរថពាសដែក PMP1 និងបើកវគ្គបំប៉នកម្លាំង អន្តរាគមន៍ ដល់យោធិនចំណុះយោធភូមិភាគទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ វគ្គហ្វឹកហ្វឺនបំប៉ន និងពង្រឹងកម្លាំងអន្តរាគមន៍មានសិក្ខាកាម ចំនួន៥០នាក់ ដោយសិក្សារយៈពេល៩១ថ្ងៃ។

ថ្លែងក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ឯក សំអូន បានកោតសរសើរដល់យោធាចារ្យក្នុងវគ្គហ្វឹកហ្វឺននេះ ដែលបានរៀនសូត្រទទួលលទ្ធផលល្អប្រសើរគួរជាទីមោទន:។ វគ្គនេះស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វគ្គហ្វឹកហ្វឺនបំប៉នយោធាចារ្យនេះមានសារៈសំខាន់ណាស់សម្រាប់បង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព ការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ សាធារណៈក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ ត្រៀមរួចជាស្រេចដើម្បីដោះស្រាយយថាហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារមហន្តរាយពីធម្មជាតិ និងយថាហេតុផ្សេងៗ ជាពិសេស គ្រោះទឹកជំនន់ កំពុងកើតឡើងក្នុងប្រទេសកម្ពុជាយើង។

បានបន្តថា ការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា ក្រោមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិនឱ្យបាត់បង១មីលីម៉ែត្រ និងមានការដោះស្រាយដោយសន្តិវិធី និងសន្តិភាព កងទ័ពត្រូវគោរពវិន័យ ការងារ ត្រូវមើលសក់ ពុកមាត់ ឯកសណ្ឋាន ត្រូវមានភាពត្រឹមត្រូវ ជាកងយោធពលខេមរភូមិន្ន និងសូមផ្តាំផ្ញើដល់យោធាចារ្យ ត្រូវយកចំណេះដឹងដែលបានរៀនទៅបម្រើការងារឲ្យបានត្រឹមត្រូវ មានភាពស្មោះត្រង់ត្រូវ ចៀសឲ្យឆ្ងាយអំពើឧបាយមុខគ្រប់យ៉ាង (គ្រឿងញៀន ល្បែងស៊ីសង) មិនត្រូវមានក្នុងវគ្គហ្វឹកហ្វឺននេះជាដាច់ខាតនិងត្រូវខិតខំរៀនសូត្របន្ថែម។

ជាចុងបញ្ជប់ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់សិក្ខាកាម និងប្រកាសបិទវគ្គ និងបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅព្រមទាំងបានប្រគល់ជូនថវិកា ចំនួន ២.០០០.០០០រៀល ដល់សាលាពលទាហានទី៥ និង ១.០០០.០០០រៀល ដល់វរសេនាតូចរថក្រោះ និង ៨០០.០០០រៀល ដល់កម្លាំងអន្តរាគមន៍យោធភូមិភាគទី៥ផងដែរ៕