(កោះកុង)៖ លោក ភិន រុច សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ ខេត្តកោះកុង បានបង្កហិង្សាដាក់អាជ្ញាធរ ក្រោយអាជ្ញាធរស្រុកបានចុះហាមឃាត់ និងដកហូតគ្រឿងចក្រ និងរថយន្តដឹកដីមករក្សាទុកនៅសាលាស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ក្រោយមន្រ្តីរូបនេះបានចាក់ដីដោយមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោក ហាក់ បូរ៉ា ប្រធានភូមិបាលស្រុកបូទុមសាគរ បានឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកាថា ករណីអំពើហិង្សារវាងលោក ភិន រុច សមាជិកក្រុមប្រឹក្សាជាមួយក្រុមកាងារស្រុក ដែលចុះហាមឃាត់នេះ គឺបណ្តាលមកពីលោក ភិន រុច ខឹងក្រុមការងាររបស់ស្រុកដឹកដោយលោកអភិបាលរង១រូប ទទួលបន្ទុកដីធ្លី ចុះហាមឃាត់រថយន្តដឹកដី និងគ្រឿងចក្ររបស់លោក យកមករក្សាទុកនៅសាលាស្រុក។

លោកបានបញ្ជាក់ថា ដីនៅកន្លែងលោក ភិន រុច ចាក់ធ្វើកម្មសិទ្ធិនោះ គឺដីបម្រុងស្មាច់ដែលរដ្ឋបាលខេត្ត ដកហូតមករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញនៅពេលថ្មីនេះ។

លោក ក្រូច បូរីសីហា អភិបាលស្រុក បានឲ្យដឹងថា អាជ្ញាធរចុះហាមឃាត់រថយន្តចាក់ដីគ្មានច្បាប់អនុញ្ញាត ពីព្រោះដីនៅតំបន់នេះជាដីរបស់រដ្ឋ៕