(ភ្នំពេញ)៖ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយមន្ត្រីផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពីលោកអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកប្រធាន អនុប្រធានការិយាល័យចុះបញ្ជីយានយន្ត លោកប្រធានការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមសរុបចំនួន ៤១២នាក់។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា ឈ្វេងយល់កាន់ច្បាស់អំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវា ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបានផ្ទេរមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ចំនួន ៤ រួមមាន៖ (១)ការគ្រប់គ្រង ការចុះបញ្ជី និងការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត (២)សេវាកម្មម៉ូតូ (ចុះបញ្ជី ប្តូរ ទុតិយតាបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ) (៣) សេវាកម្មត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត(ចុះបញ្ជីត្រីចក្រយានយន្ត ចុះបញ្ជីរ៉ឺម៉កទោចក្រយានយន្ត ប្តូរ ទុតិយតា និងតតិយតាបណ្ណសម្គាល់ត្រីចក្រយានយន្ត ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខសម្គាល់ត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត) និង (៤)ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក(ប្រគល់ ទុតិយតា និងតតិយតា វិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេស)៕