(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជួបពិភាក្សាការងារជាមួយលោក ដូមីនិក វីល្លៀមស៍ (Dominic WILLIAMS) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដោយសម្រេចបានលទ្ធផលការងារចំនួន៣ចំណុចពីកិច្ចពិភាក្សានេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអធិការកិច្ចដែល Fresh News ទទួលបាននាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកសំណូមពរមួយចំនួន តាមរយៈលោកឯកអគ្គរដ្ឋទូត រួមមាន៖

១. ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលបំពេញការងារលើវិស័យអធិការកិច្ចនៅចក្រភពអង់គ្លេស ដើម្បីអាចធ្វើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធល្អៗក្នុងការពង្រឹងសមត្ថភាពស្ថាប័ន។

២. ការផ្តល់ជំនួយបច្ចេកទេស ជាពិសេសអ្នកជំនាញបច្ចេកទេស ដើម្បីជួយក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀតដែលក្រសួងកំពុងរៀបចំ។

៣. ការស្នើសុំកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិអធិការកិច្ច។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានទទួលយកសំណើផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នដែលបំពេញការងារលើវិស័យអធិការកិច្ចនៅចក្រភពអង់គ្លេស ក៏ដូចជាសំណើបញ្ជូនអ្នកជំនាញបច្ចេកទេស ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពង្រឹងសមត្ថភាពស្ថាប័ន ដោយសម្របសម្រួលឱ្យមានការជួបពិភាក្សារវាងក្រុមការងារបច្ចេកទេសដែលមកពីចក្រភពអង់គ្លេស និងតំណាងក្រសួងអធិការកិច្ចនាពេលឆាប់ៗខាងមុខនេះ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអធិការកិច្ច៖