(ភ្នំពេញ)៖ មន្រ្តីអនុរក្សពន្ធនាគារម២ បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សកម្មជនបដិវត្តន៍ពណ៌ ទេព វន្នី ត្រូវបានបញ្ជូនមកកាន់តុលាការជាថ្មីម្តងទៀត ដើម្បីបន្តការសាកសួរ ។ លោក នូ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសាកសួរសកម្មជន រូបនេះ លើករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ នៅពេលនេះ ទេព វន្នី កំពុងស្ថិតក្នុងបន្ទប់ស៊ើបសួរ។
សូមជំរាបថា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានប្រាប់ឲ្យដឹងថា ស្ត្រីបឹងកក់ពីរនាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ។ សវនាការនាពេលខាងមុខ ដឹកនាំដោយលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ។
មន្ត្រីតុលាការ បញ្ជាក់ថា ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល៕