(ភ្នំពេញ)៖ លោក លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានសម្តែងការពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយអះអាងថា ជប៉ុន ត្រៀមខ្លួនធ្វើការជាមួយកម្ពុជា ដើម្បីកិច្ចអភិវឌ្ឍន៍នានា។
លោកអគ្គរាជទូត បានលើកឡើងបែបនេះ ខណៈចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបានលើកឡើងថា ជប៉ុនមានបំណងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកគំនិតផ្តួចផ្តើម ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា។
លោកអះអាងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និងបានបង្ហាញពីភាពជាអ្នកដឹកនាំក្នុងការពង្រឹងអភិបាលកិច្ច តាមរយៈកំណែទម្រង់រដ្ឋបាល និងមុខងារសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការលើកកម្ពស់វិមជ្ឈិកា។ ទាំងនេះជាវិស័យ ដែលប្រទេសជប៉ុនបានជួបប្រទះ និងប្រមូលទុក យ៉ាងទូលំទូលាយ តាមរយៈភាពជោគជ័យ និងបរាជ័យកន្លងមក ហើយយើងនឹងផ្តល់ចំណេះដឹងទាំងនេះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងគោលដៅនេះយើងបានពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនរួចទៅហើយ។
លោកអគ្គរាជទូត បានលើកឡើងទៀតថា ខណៈដែលជប៉ុនកម្ពុជាកំពុងដំណើរការកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគី កាន់តែស៊ីជម្រៅថែមទៀត ហើយបន្ទាប់ពីក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វាពិតជាសំខាន់ណាស់ ដែលយើងមិនត្រូវគិតថា ទំនាក់ទំនងនេះត្រឹមជាបរិបទទ្វេភាគី ឬភាគីម្ខាងត្រូវធ្វើអ្វីដើម្បីភាគីម្ខាងទៀតនោះទេ ផ្ទុយទៅវិញ យើងត្រូវធ្វើការជាដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ ក្រោមភាពជាដៃគូថ្មីនេះ ជប៉ុន និងកម្ពុជា នឹងចូលរួមយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ៕