(ភ្នំពេញ)៖ បន្ទាប់ពីប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ពុំបានចូលបំភ្លឺតាមការកោះហៅរបស់សាលាដំបូង រាជធានីភ្នំពេញ ជុំវិញបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងករណីចោទសម្តេច និងរាជរដ្ឋាភិបាលថា ជាអ្នករៀបចំការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នោះ, តុលាការសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះទៀត នេះបើយោងតាមលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ។
លោក លី សុផាណា បានឲ្យដឹងយ៉ាងដូច្នេះថា «ជនជាប់សង្ស័យឈ្មោះ សម រង្ស៊ី មិនបានចូលខ្លួនតាមកាលបរិច្ឆេទ នៃការកោះហៅរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំំពេញ។ យើងសម្រេច បន្តចំណាត់ការសើបអង្កេតរឿងក្តីនេះទៀត ដោយពិនិត្យលើពាក្យបណ្តឹងនិងភស្តុតាងនានាដែលមានប្រយោជន៍ ដល់ចំណាត់ការរឿងក្តីនេះ»។
សូមជំរាបថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ លោក សម រង្ស៉ី បានលើកឡើងតាមបណ្តាញសង្គម Facebook ថាលោកចង់ស្នើការបំភ្លឺជូន តុលាការក្រុងភ្នំពេញ ជុំវិញករណីនេះ តាមបណ្តាញ Internet ប៉ុន្តែទោះជាយ៉ាងណាភ្លាមៗនោះ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសអំពីជំហរបដិសេធ ដោយមិនទទួលយកការបំភ្លឺបែបនេះឡើយ។
កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខមុនគេបង្អស់ ដោយចោទរដ្ឋអំណាចថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ខណៈដែលសមត្ថកិច្ច កំពុងស៊ើបអង្កេតនៅឡើយ។ ក្រោយពីមានការចោទប្រកាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត លើរាជរដ្ឋាភិបាល ហើយហៅការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីតែកេងចំណេញនយោបាយ តែប៉ុណ្ណោះ។
លោក សម រង្ស៉ី ប្រធានគណបក្សប្រឆាំង ពេលនេះ កំពុងញ៉ាំញីដោយពាក្យបណ្តឹង ដោយសារតែការនិយាយចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមាន បណ្តឹងបរិហារ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងទាមទារឱ្យអនុវត្តសាលក្រម និងសាលដីកាបណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន ក៏ដូចជាបណ្តឹង មួយផ្សេងទៀត ពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែងបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ ផងដែរ៕