(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បន្ទាប់ពីផ្លូវជាតិលេខ៥ ត្រូវបានពង្រីក និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រាជរដ្ឋាភិបាលនឹងខិតខំជំរុញការវិនិយោគបង្កើតរោងចក្រ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅតាមបណ្តោយផ្លូវនេះ ដែលនាំឱ្យខេត្តដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ មានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយប្រជាជនមានការងារធ្វើដោយមិនចាំបាច់ចំណាកស្រុក។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង និងបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែត នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្តេចបានថ្លែងថា ផ្លូវជាតិលេខ៥ គឺជាសរសៃឈាមដ៏សំខាន់សម្រាប់កម្ពុជា និងបានដើរតួនាទីក្នុងការតភ្ជាប់ផ្លូវនានាពីខេត្តមួយទៅខេត្តមួយ និងភ្ជាប់ជាមួយប្រទេសជិតខាង ដែលជំរុញឱ្យខេត្តដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៥ កាន់តែមានសេដ្ឋកិច្ចរីកចម្រើន។ ជាក់ស្តែងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ដែលកន្លងមកជាខេត្តដែលគេទៅហួសមកហួស តែបច្ចុប្បន្ននេះ មានការវិនិយោគរោងចក្រជាបន្តបន្ទាប់ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រដំឡើងរថយន្តហ្វត ខណៈក្រុមហ៊ុនមីនីបៀរ ក៏មានគម្រោងទៅវិនិយោគនៅទីនោះទៀតផង។ នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្តាយផ្លូវជាតិលេខ៥នេះបន្ថែមទៀត ដើម្បីបង្កើតការងារបានកាន់តែច្រើន ប្រជាជននៅក្នុងតំបន់ មិនចាំបាច់ត្រូវចំណាកស្រុកទៅឆ្ងាយទៀតឡើយ។
សម្តេចធិបតីមានប្រសាសន៍បន្ថែមទៀតថា«ហ្នឹងហើយជាសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរបស់យើង ផ្លូវជាតិលេខ៥ ដែលចិញ្ចឹមសរសៃរឈាម។ គោលដៅរបស់យើង គឺសមធម៌នេះ មិនមែនឱ្យការរីកចម្រើនប្រមូលផ្តុំនៅតែភ្នំពេញនោះទេ ធ្វើយ៉ាងណាយើងរុញឱ្យដល់មូលដ្ឋាន ផ្លូវ ទឹកភ្លើង ឥលូវនេះភ្លើងយើងសឹងតែមានគ្រប់ឃុំអស់ហើយ នៅសល់តែមួយចំនួនតិចណាស់ ហើយយើងដាក់គោលដៅតភ្ជាប់ ទឹកស្អាតរបស់យើងបានច្រើន យើងធ្វើប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀត ពិតណាស់មិនទាន់ស្រោចទូទាំងប្រទេស តែយើងនឹងជំរុញខិតខំ។»
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ពិសិដ្ឋរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ។ ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយក៏ជាខ្សែផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន និងប្រជាជន ដោយរាប់ចាប់ពីរាជធានី ភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្ត ជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត។
ផ្លូវមួយខ្សែនេះ ក៏ជាខ្សែផ្លូវមេមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិសំខាន់ៗ រួមមានដូចជា៖ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៦១ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល, តភ្ជាប់ជាមួយផ្លូវជាតិលេខ៥០C ផ្លូវជាតិលេខ៥២ ផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥៣A នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង, តភ្ជាប់ជាមួយផ្លូវជាតិ លេខ៥៣B ផ្លូវជាតិលេខ៥៤ និងផ្លូវជាតិលេខ៥៥ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, តភ្ជាប់ ជាមួយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៧B នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង, តភ្ជាប់ជាមួយ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥៦០ ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៥៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងតភ្ជាប់ទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។
នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិត ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពល ដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំង នៅក្នុងមហាអនុតំបន់មេគង្គ(GMS) ក៏ដូចជាតំបន់អាស៊ានផងដែរ៕