(កំពង់ឆ្នាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការសម្ពោធផ្លូវជាតិលេខ៥ គឺជានិមិត្តរូបនៃការបន្ដកិច្ចអភិវឌ្ឍន៍ និងពង្រឹងសេដ្ឋកិច្ចរបស់ជាតិ នៃរាជរដ្ឋាភិបាលនីតិកាលថ្មី បន្ដពីរាជរដ្ឋាភិបាលនីតិកាលចាស់។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាមួយការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការជួប និងការសម្ពោធនៅទីនេះ ចំថ្ងៃពិសេស ហើយជានិមិត្តរូបនៃការបន្ដនូវការអភិវឌ្ឍ នៅលើគន្លងដែលមានស្រាប់ ពង្រឹងប្រទេសជាតិក្នុងស្ថានភាពសេដ្ឋកិច្ច និងការរីកចម្រើន ដែលកសាងបានពីអាណត្តិមុនៗមក និងកសាងពង្រីកបន្ថែម»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដទៀតថា ពិធីសម្ពោធផ្លូវជាតិលេខ៥នេះ ក៏ជាព្រឹត្តិការណ៍ពិសេសផងដែរ ព្រោះចំខួបរយៈពេល៣ខែ នៃថ្ងៃកំណើតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដូច្នេះស្ដែងពីការបន្ដពង្រឹងសេដ្ឋកិច្ច និងបន្ដកិច្ចអភិវឌ្ឍន៍បន្ថែមទៀតពីគន្លងដែលមានស្រាប់។

ស្របពេលដែល ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងរបស់រដ្ឋាភិបាលជប៉ុន និងអ្នកវិនិយោគជប៉ុនដែរនោះ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះក៏បង្ហាញអំពីគំរូនៃការបន្ដទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សមិទ្ធផលនៃកំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមរវាងកម្ពុជា និងជប៉ុន ដែលកើតចេញពីទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។

សម្ដេចបានអះអាងថា និមិត្តរូបនៃការបន្តទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានអាយុទើប៩០ថ្ងៃ បានចាក់គ្រឹះ និងបន្តពង្រឹងមិត្តភាពនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត៕