(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរយៈពេល៩០ថ្ងៃគត់ នៃការឡើងកាន់តំណែង ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឆ្លើយតបនឹងការលើកឡើងមួយចំនួន សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរខ្ចីតែលុយគេនោះទេ គឺរាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ និងសម្ពោធសមិទ្ធផលជាច្រើន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា តម្រូវការថវិកាជាតិមានច្រើន ដើម្បីយកទៅវិនិយោគលើវិស័យផ្សេងៗ ក្នុងនោះរួមទាំងវិស័យហេដ្ឋាសម្ព័ន្ធដែលជាសរសៃឈាមដ៏សំខាន់ ដូច្នេះហើយតម្រូវឱ្យមានកម្ចីពីបរទេស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ចីប្រាក់ពីបរទេសត្រូវរាជរដ្ឋាភិបាលបានគ្រប់គ្រង និងផែនការច្បាស់លាស់ ដោយមិនឱ្យបាត់ម្ចាស់ការនោះទេ ហើយបំណុលទៀតសោធ គឺត្រូវបានយកមកអភិវឌ្ឍន៍បម្រើប្រយោជន៍សាធារណៈ ពង្រីកសក្តានុពលសេដ្ឋកិច្ច ផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «មានការចោទសួរច្រើនណាស់ ហើយខ្ញុំឃើញលើកវាយប្រហាររដ្ឋាភិបាល មានមួយនោះគេថា រដ្ឋាភិបាលខ្មែរ៩០ថ្ងៃមកនេះ ដេករហូតហើយដើរតែខ្ចីលុយគេ។ ការទាញយកឥណទាន នៅក្នុងការអភិវឌ្ឍផ្លូវ [...] ជាជម្រើសសម្រាប់គ្រប់ប្រទេសទាំងអស់ ទី១-រដ្ឋាភិបាលប្រើប្រាស់ប្រាក់កម្ចី ពីបណ្តាប្រទេសផ្សេងៗ, ទី២-រដ្ឋាភិបាលខ្ចីពីប្រជាពលរដ្ឋ ដែលនៅប្រទេសជាច្រើនបានធ្វើតាមរយៈការចេញ Bond (សញ្ញាបណ្ណ) ឬផ្តល់កម្ចីតាមរូបភាពផ្សេងៗ ប៉ុន្តែអ្វីដែលសំខាន់ការវិនិយោគនោះ ត្រូវមានការទទួលខុសត្រូវខ្ពស់ ដែលមានលទ្ធភាពសងត្រឡប់ទៅវិញបាន។ កម្ចីមិនថាពីជប៉ុន ពីចិន ពីធនាគារពិភពលោក ឬពីបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើការវិនិយោគ បង្កើនលទ្ធភាពយើងដោះស្រាយបញ្ហាឱ្យបានលឿន [...] អ្វីដែលសំខាន់ គឺការគ្រប់គ្រងបំណុលសាធារណៈនេះ គឺយើងមានកំណត់ ច្បាប់របស់យើងមិនឱ្យធ្ងន់ពេក ដែលនាំឱ្យបាត់ម្ចាស់ការនោះទេ ហើយការខ្ចីបំណុល យកមកវិនិយោគដោយត្រឹមត្រូវ ដើម្បីបង្កើតចរន្តសេដ្ឋកិច្ច ដែលចែកផលដល់ប្រជាពលរដ្ឋ»

សម្តេចបញ្ជាក់ទៀតថា «រដ្ឋាភិបាលមិនបានគេងអេះពោះ ដើរតែខ្ចីលុយគេទេ ៣ខែនេះ គឺបានធ្វើគោលនយោបាយ ចេញគោលការណ៍ច្រើន សម្ពោធសមិទ្ធផលច្រើន និងដាក់គោលនយោបាយដើម្បីបន្តទៀតច្រើន គ្រប់វិស័យទាំងអស់ ហើយថ្ងៃនេះគឺពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតសរសៃឈាម នាំឈាមឱ្យប្រជាពលរដ្ឋ»

សូមជម្រាបថា ច្បាប់ថវិកាជាតិបានកំណត់ថា ការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ នូវគោលការណ៍គន្លឹះចំនួន៥ ដូចខាងក្រោម៖
១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ៕