(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ពេលបើកបរ និងកុំដឹកលើសទម្ងន់កំណត់។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង និងបើកការដ្ឋានសាងសង់ផ្លូវ ពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវថ្នល់ សុំបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវប្រើប្រាស់គន្លងផ្លូវឲ្យបានត្រឹមត្រូវ កុំបើកលើសល្បឿនកំណត់ ត្រូវប្រុងប្រយ័ត្នជានិច្ច នូវចំណុចដែលមានផ្លូវឆ្លងកាត់»

បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាអ្នកបើកបរឡានដឹកទំនិញ ត្រូវចូលរួមទប់ស្កាត់ ឲ្យបានដាច់ខាត នូវការដឹកជញ្ជូនលើសកំណត់ទម្ងន់ និងត្រូវត្រួតពិនិត្យជាប្រចាំ នូវលក្ខណៈបច្ចេកទេសយានយន្ត ឲ្យបានជាប់ជាប្រចាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សុវត្ថិភាពចរាចរណ៍សំខាន់ណាស់ ដោយក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ការស្លាប់ ដោយសារចរាចរណ៍ច្រើន ដែលជាការបាត់បង់ធនធានមួយដ៏សំខាន់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋ កុំឲ្យបើកបរបញ្ច្រាសទិស ដែលអាចបង្កគ្រោះថ្នាក់ និងបានណែនាំទៅក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ កុំព្យាយាមប្រើយ័ន្តការពារផងដែរ។

សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងសរុបចំនួន ១ ៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់៥៤ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួស ២ ០៧២នាក់ ក្នុងនោះរបួសធ្ងន់១ ៣៣២នាក់។

ចំពោះមូលហេតុ ដែលបង្កគ្រោះថ្នាក់រួមមានល្មើសល្បឿន ៣៩ភាគរយ បើកបរមិនគោរពសិទ្ធិ ២៥ភាគរយ បត់ ១០ភាគរយ មិនប្រកាន់ស្តាំ ៩ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ កត្តាយានយន្ត ៤ភាគរយ ស្រវឹង ៣ភាគរយ ងងុយដេក ១ភាគរយ អាកាសធាតុ ១ភាគរយ និងភ្លើងសញ្ញា ១ភាគរយ។

ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន ៨១ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣ភារយ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក ។

ឆមាសទី១ ឆ្នាំ២០២៣ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៦១លើក ស្មើ៤ភាគរយ (១ ៥៤៨/១ ៦០៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ២០ភាគរយ (៧៥៦/៩៤២នាក់) និងចំនួនអ្នករបួសថយចុះ ១៦៣នាក់ ស្មើ៧ភាគរយ (២.០៧២/២.២៣៥នាក់)។

សម្រាប់សកម្មភាពចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឆមាសទី១នេះ មានយានយន្តឆ្លងកាត់សរុបចំនួនជិត២.៥លានគ្រឿង គ្រោះថ្នាក់កើតឡើង ១៤៣ករណី (យប់៥២លើក) ខូចខាតយានចំនួន ១៤៨គ្រឿង ស្លាប់ ០៣នាក់ របួស ៤៤នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៣%៕