(ភ្នំពេញ)៖ នាថ្ងៃអង្គារទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យវឌ្ឍនភាពការងារដំឡើងប្រទីបរបស់ក្រសួង សម្រាប់ត្រៀមបង្ហាញខ្លួនដើម្បីជាការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានត្រៀមរៀបចំប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក លយប្រទីប សំពះព្រះខែ និងអកអំបុក ឱ្យបានមហោឡារិក និងអធិកអធម ក្នុងនោះមានទូកសរុបចំនួន៣៣៨ នឹងចូលរួមប្រកួត ព្រមទាំងប្រទីបចំនួន៣០ នឹងមកបង្ហាញខ្លួនក្នុងព្រះរាជពិធីនាសប្តាហ៍ក្រោយ។ 

ចំពោះប្រទីបតំណាង ក្រសួងសាធារណការ និងដឹកជញ្ចូន ត្រូវបានរចនាឡើងដោយយកនិម្មិត្តសញ្ញាក្រសួងជាគោល អមដោយសមិទ្ធផលធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ វិស័យដឹកជញ្ចូន ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវសមុទ្រ និងកំពង់ផែ ព្រមទាំងក្បូរក្បាច់រចនាបែបខ្មែរផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងសប្បាយរីករាយ ឱ្យបានច្រើនកុះករ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់យើង ទាំងនៅក្នុងរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្ដទាំងអស់ ដែលនឹងរៀបចំ៕