(កំពង់ឆ្នាំង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ គឺជានិមិត្តរូបនៃការបន្តនូវចំណងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ដែលមានរយៈពេល៧០ឆ្នាំ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តពង្រឹងមិត្តភាពនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង និងការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមានសម្ពោធ ការបើកដើម្បីកសាងពង្រីកបន្ថែមនូវកំណាត់ផ្លូវជាតិលេខ៥ អញ្ចឹងនិមិត្តរូបនៃការពង្រឹង និងការពង្រីកនូវអ្វីដែលមានស្រាប់ និងការបើក ពង្រីកបន្ថែមទៀតនូវសមិទ្ធផលថ្មី ហើយជាមួយគ្នាថ្ងៃនេះគឺយើងធ្វើការសម្ពោធរួមជាមួយតំណាងរបស់រដ្ឋាភិបាលជប៉ុន ក៏ជានិមិត្តរូបនៃការបន្តនូវទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តរបស់យើង»

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ក្នុងឱកាសសម្តេចបានចេញទៅប្រជុំកំពូលអាស៊ានជាលើកដំបូង ក្នុងឋានៈជានាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអញ្ជើញមកពីបណ្តាប្រទេសនានា បានចោទជាសំណួរចង់ដឹងពីជំហររបស់រដ្ឋាភិបាលថ្មីកម្ពុជា ថាតើគោលនយោបាយការទូតយ៉ាងម៉េច គោលនយោបាយការរទេសយ៉ាងម៉េច? សម្តេចបានបញ្ជាក់វិញថា គឺផ្អែកទៅលើមូលដ្ឋាននៃនិរន្តរភាព និងចីរភាព មានន័យថា គឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើជាពិសេសការបង្កើត និងការថែរក្សាទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសជាមិត្តទាំងអស់ ដោយផ្អែកលើគោលការណ៍ឯករាជ្យ គោរពគ្នាទៅវិញទៅមក ផ្អែកលើច្បាប់អន្តរជាតិ និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំពិសេសខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសពីរ។ សម្តេចថាប្រទេសជប៉ុន ប្រហែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងមុនគេជាមួយកម្ពុជា ពីព្រោះកម្ពុជា ទទួលបានឯករាជ្យទើប៧០ឆ្នាំ ហើយទំនាក់ទំនងការទូតជាមួយជប៉ុន ក៏មានរយៈពេល៧០ឆ្នាំផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទំនាក់ទំនងការទូតដែលកម្ពុជាមានជាមួយជប៉ុន បានសបញ្ជាក់បន្ថែមលើសមិទ្ធផលជាចម្រើនទៀតនោះ គឺការសម្ពោធនូវសមិទ្ធផលថ្មីរួមគ្នាដែលកើតឡើងពីការជួយរបស់រដ្ឋាភិបាលជប៉ុន ចំពោះប្រជាជនកម្ពុជា តាមរយៈការផ្តល់ឥណទានអនុគ្រោះ ព្រមទាំងការជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធនានា។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សមិទ្ធផលនៃកំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមរវាងកម្ពុជា និងជប៉ុន ដែលកើតចេញពីទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា និមិត្តរូបនៃការបន្តទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានអាយុទើប៩០ថ្ងៃ បានចាក់គ្រឹះ និងបន្តពង្រឹងមិត្តភាពនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ១៩៥៣ ហើយ ៧០ឆ្នាំក្រោយ គឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុត នៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។ ក្រោមចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ កម្ពុជា-ជប៉ុន បានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនឹងគ្នាជាច្រើនផងដែរ។ ក្នុងនោះកម្ពុជា បានគាំទ្រលើគោលនយោបាយរបស់ជប៉ុនមួយចំនួនមានដូចជា៖ ការរួមចំណែកយ៉ាងសកម្ម ដើម្បីសន្តិភាព និងកិច្ចសន្ទនាផ្សេងៗជាដើម៕